មន្ត្រីនគរបាលស្រុកមុខកំពូល ឃាត់បានដើមឈើទាល ១ដើមធំ និងជនជាតិវៀតណាមបួននាក់ ជាអ្នកដឹកជញ្ជូន
ខេត្តកណ្តាល៖ បងប្អូនជនជាតិវៀតណាម ចំនួន៤នាក់ ជាកម្មករ ត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកមុខកំពូលខេត្តកណ្តាល ធ្វើការហាមឃាត់យកមកសួរនាំពាក់ព័ន្ធការដឹកជញ្ជូនដើមឈើទាល ១ដើមធំ អូសសណ្ដោងតាមដងទន្លេមេគង្គ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ក្រោយពីសួរនាំរួចអស់រយៈពេលជាង១យប់ ពីសំណាក់សមត្ថកិច្ចជំនាញ បងប្អូនជនជាតិវៀតណាមចំនួន ៤នាក់ទាំងនោះ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់កន្លែងស្នាក់នៅរៀងៗខ្លួន ចំណែកឯដើមឈើទាល ១ដើមធំ ត្រូវបានរក្សាឃាត់ទុកនៅច្រាំងមាត់ទន្លេ ដោយរងចាំការសម្រេចពីមន្ត្រីជំនាញពាក់ព័ន្ធ។
លោក ង៉ូ យុំាងលុង ជនជាតិវៀតណាម ដែលជាម្ចាស់ដើមឈើទាលបានឲ្យដឹងថា៖ ដើមឈើទាលដ៏ធំ ១ដើម ប្រវែងជិត២០ម៉ែត្រ នេះ គឺបានទិញពីបងប្អូនប្រជានេសាទខ្មែរឥស្លាម ស្ថិតនៅក្នុងខេត្តកំពង់ចាម ដែលបានធ្វើការនេសាទបាន ដោយធ្វើការទិញក្នុងតម្លៃ 300$ ស្មើរនឹង ១លាន ២សែនរៀល។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកមុខកំពូល លោក ប្រាក់ សំបូរ បានឱ្យសារព័ត៌មានដឹងថា «ករណីដឹកជញ្ជូនដើមឈើទាល ១ដើមនេះ គឺរូបលោករកមិនឃើញថាមានបទល្មើសនោះទេ ព្រោះជាឈើដែលប្រជាពលរដ្ឋរើសបាន ចំពោះនីតិវិធីបន្ទាប់គឺទុកឱ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាលជាអ្នកសម្រេច»។
ទោះយ៉ាងណាដើមឈើទាល១ដើមដ៏ធំខាងលើនេះ ត្រូវបានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តរក្សាឃាត់ទុកដោយយកចិត្តទុកបំផុត និងរងចាំចំណាត់ការសម្រេចពីថ្នាក់លើ ខណៈមានការទទូចស្នើសុំពីលោក ង៉ូ យុំាងលុង ជនជាតិវៀតណាម ដែលបានអះអាងថាជាម្ចាស់ដើមឈើ ស្នើសុំឱ្យសមត្ថកិច្ចប្រគល់ដើមឈើឱ្យមកគាត់វិញ។
លោក លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឱ្យសារព័ត៌មានដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា ការឃាត់បងប្អូនជនជាតិវៀតណាមចំនួនបួននាក់ ជាមួយដើមឈើទាល ១ដើម គឺបានសុំគោលការណ៍ពីថ្នាក់ដឹកនាំនិងព្រះរាជអាជ្ញា ពោលគឺមិនមែនឃាត់តាមតែចិត្តនោះទេ។
លោកស្នងការរង លី សុជាតិ បានបន្ថែមទៀតថា៖ «ចំពោះនីតិវិធីបន្ទាប់គឺរង់ចាំការអនុញ្ញាតសម្រេចពីថ្នាក់លើ និង រងចាំការសម្រេចពីព្រះរាជអាជ្ញា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ! ពោលគឺលោកមិនអាចសម្រេចតាមចិត្តឯងនោះទេ ទោះបីជាមានការស្នើសុំពីបុគ្គលដែលពាក់ព័ន្ធ»។
ចុងក្រោយលោក ង៉ូ យុំាងលុង ជនជាតិវៀតណាម ដែលអះអាងថាជាម្ចាស់ដើមឈើទាល បានទទូចស្នើសុំឱ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ជួយរកខុសត្រូវជូនគាត់ផង បើសិនរកឃើញថាដើមឈើដែលគាត់បានទិញនិងបានដឹកជញ្ជូនខុសច្បាប់ គាត់ព្រមប្រគល់ឱ្យច្បាប់ចាត់ចែង! ប្រសិនបើរកឃើញថាមិនថាខុសទេនោះគាត់សុំតែយកដើមឈើមួយនេះទៅផ្ទះរបស់គាត់ ដើម្បីចាត់ចែងតាមតម្រូវការ៕
No comments