"ទិវាស៊ីក្លូដឹកនាំក្រុមការងារចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនិងផ្ដល់វគ្គបណ្តុះបណ្តាលដល់សិស្សនៅស្ទឹងត្រែង"
ស្ទឹងត្រែង៖ គម្រោងទិវាស៊ីក្លូ កាលពីថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររបស់ខ្លួន ចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៃកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋានរបស់អង្គការយូនីសេហ្វ និងផ្ដល់វគ្គបណ្តុះបណ្តាលដល់សិស្សានុសិស្ស ចំនួន ៣ក្រុម នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ដែលស្ថិតនៅ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅក្នុងដំណើរទស្សនកិច្ចនេះ គម្រោងទិវាស៊ីក្លូ ក៏បានរៀបចំកៀរគររកការបរិច្ចាគពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់សិស្សខ្វះខាតនៅសាលាបឋមសិក្សាហាងសាវ៉ាត និងសាលាបឋមសិក្សាសាមឃួយ ដោយទទួលបានជាសម្លៀកបំពាក់ សៀវភៅ និងថវិកា។
ក្រុមការងារគម្រោងទិវាស៊ីក្លូ បានទៅទស្សនកិច្ចការងារផ្ទាល់ទៅខេត្តស្ទឹងត្រែង ដើម្បីពិនិត្យពីវឌ្ឈនភាពនៃការអនុវត្តរបស់គម្រោងសិស្សានុសិស្ស ៣ក្រុម នៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមអំពីការកៀរគរធនធាន រួមទាំងមានពិធីបិទបញ្ចប់កម្មវិធី ផងដែរ។ ជាមួយគ្នានេះ គម្រោងទិវាស៊ីក្លូ ក៏បានរៀបចំកៀរគររកការបរិច្ចាគពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់សិស្សខ្វះខាតនៅសាលាបឋមសិក្សាហាងសាវ៉ាត និងសាលាបឋមសិក្សាសាមឃួយ ដោយទទួលបានជាសម្លៀកបំពាក់ សៀវភៅ ធុងចម្រោះទឹកស្អាត និងថវិកា ជាដើម។
ការចុះទៅខេត្តស្ទឹងត្រែងនេះធ្វើឡើង បន្ទាប់ពីគម្រោងទិវាស៊ីក្លូ ត្រូវបានជ្រើសរើសដោយអង្គការយូនីសេហ្វឲ្យបង្រៀនបំណិនបរិស្ថាន និងរៀបចំគម្រោងក្រោមកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន ដល់សិស្សានុសិស្ស ៣ក្រុម នៅវិទ្យាល័យ ហ៊ុន សែនស្ទឹងត្រែង តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម្លេះ។ រហូតមកដល់ពេលនេះ ក្រុមសិស្សទាំងបី បានចាប់ផ្តើមចេញអនុវត្តគម្រោងបរិស្ថានរបស់ពួកគេ នៅតាមគោលដៅ សាលាបឋមសិក្សា និងវិទ្យាល័យចំនួនបីផ្សេងគ្នា រួមមាន សាលាបឋមសិក្សាហាងសាវ៉ាត ស្ថិតនៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង, សាលាបឋមសិក្សាសាមឃួយ ស្ថិតនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង, និង វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រុមសិស្សដែលអនុវត្តគម្រោងនៅតាមទីតាំងគោលដៅខាងលើរួមមានគម្រោងយុវជននិងបរិស្ថាន និងគម្រោង ដឹហ្រ្គីន-The Green ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាននិងការកាត់បន្ថយប្លាស្ទិក ក្នុងចំណោមយុវជន និងកុមារ រួមទាំងគម្រោងអេកូហ្គើល-Eco-girls ជាគម្រោងផលិតក្រណាត់អនាម័យរួមជាមួយ និងផលិតផលដែលមិនប៉ះពាល់បរិស្ថានផ្សេងៗទៀតសម្រាប់ក្មេងស្រីនិងដោយក្មេងស្រី។ បើតាមលោក មាស សុបញ្ញា ប្រធានគម្រោងទិវាស៊ីក្លូដែលបានដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ចនេះបានបញ្ជាក់ថាក្រុមទាំងបីនេះបានបញ្រ្ជាបចំណេះដឹងផ្នែកបរិស្ថានដល់កុមារនិងយុវជនតាមទីតាំងគោលដៅទាំងបីដល់ជាង ២០០នាក់ហើយចំនួននេះនឹងកើនឡើងដល់ជិត៤០០នាក់ត្រឹមចុងខែមេសា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា កម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន (Local Life Skill Education Programme) ត្រូវបានបង្កើតឡើងដោយអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា តាំងពីឆ្នាំ២០១៥ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំ២០២៣ យូនីសេហ្វ បានជ្រើសរើសយកទម្រង់នៃកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋានជាទម្រង់«ហ្វឹកហាត់គ្រូបង្វឹក ឬ Train the Trainers» ដោយអនុវត្តនៅខេត្តស្ទឺងត្រែង និងបានជ្រើសរើសគម្រោងចំនួន ៤ ពីកម្មវិធីជំនាន់ថ្មី របស់អង្គការយូនីសេហ្វ ជាអ្នកទទួលបន្ទុកការបង្រៀននៅតាមវិទ្យាល័យចំនួន ៤ ផ្សេងគ្នាក្រោមប្រធានបទផ្សេងៗគ្នា ទៅដល់សិស្សានុសិស្សនៅទីនោះ៕
No comments