ឃាតករគឺជាព្រះសង្ឃ! ករណីរំលោ.ភ.ស.ម្លា.ប់.បំបិទភស្តុតាង ក្មេ.ង.ស្រី.អា.យុ. ៣ឆ្នាំ
ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប ដុតដៃដុតជើង ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មមួយ ពាក់ព័ន្ធករណី «រំលោភសម្លាប់»ក្មេងស្រី អាយុ៣ឆ្នាំ«កូនភ្លោះ»រួចយកសាកសពទៅបោះចោលនៅវាលស្រែ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឃាតករត្រូវបានចាប់ខ្លួន គឺជាសង្ឃគង់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិនរយៈពេល៣ខែ) ចេញពីគុកទៅបួសនៅវត្តខាងលើនេះ ។
ជនសង្ស័យមានឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ៥៤ ឆ្នាំ អតីតជាសង្ឃ ស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានឲ្យដឹងថា ៖ កាលពីព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ ២០២៤ ឈ្មោះ ដួង ឌី ភេទប្រុស អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ឈិន សាវ៉ាន់ អាយុ២៥ឆ្នាំ បានទុកកូនស្រីឈ្មោះ ផុន ស្រីខួច អាយុ១០ឆ្នាំ ឱ្យនៅចាំផ្ទះមើលថែប្អូនៗចំនួន៣នាក់ ហើយឪពុកម្តាយទាំង២នាក់ បាននាំគ្នាចេញទៅធ្វើចំការ ដូចធម្មតា ។
ពេលឪពុកម្តាយចេញទៅធ្វើចម្ការបាត់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃខែឆ្នាំដដែល ឈ្មោះ ផុន ស្រីខួច បាននាំប្អូនៗ ទៅលេងនៅក្នុងបរិវេណវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ដែលមានចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ។ ពេលទៅដល់វត្ត ក្មេងៗមួយក្រុមនោះ បាននាំគ្នាទៅលេងកុដិព្រះសង្ឃឈ្មោះ ណាន់ សំនៀង ដោយព្រះសង្ឃបានយកទូរស័ព្ទដៃមកចាក់រឿងភាគឱ្យកុមារទាំងអស់មើល ។
លុះដល់វេលាម៉ោង១០និង៣០នាទី កុមារីដែលជាជនរងគ្រោះ បានចុះពីលើកុដិទៅលេងនៅទីធ្លាដីតែម្នាក់ឯងវិញ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ស្រាប់បាត់ក្មេងស្រីនោះមិនដឹងទៅទីណា ឃើញដូច្នោះ បងស្រីដែលមានភារកិច្ចមើលប្អូន បានយករឿងនេះទៅប្រាប់ឪពុកម្តាយ ពេលនោះឪពុកម្តាយនិងអ្នកជិតខាង រួមទាំងសាច់ញាតិក្នុងភូមិ បាននាំគ្នាជួយដើររកកុមារី តែរកមិនឃើញសោះ ។
រហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ស្រាប់បានប្រទះឃើញកុមារីរងគ្រោះ ក្លាយជាសាកសពស្លាប់នៅវាលស្រែខាងត្បូងវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះប្រហែល១៥០ម៉ែត្រ ។ នៅពេលប្រទះឃើញសាកសពកូនយ៉ាងដូច្នេះ ឪពុកម្តាយបានយកព័ត៌មាននេះទៅរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងស្វែងរកជនជាឃាតករដែលសម្លាប់កូនស្រីគាត់ ។
ដោយអនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកវរសេនីឯក ស្នងការរងទទួលផែនជំនាញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យា សាស្ត្រ និងកម្លាំងនគរបាលស្រុកស្វាយលើ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព ជនរងគ្រោះពិតជាស្លាប់ដោយអំពើ «ឃាតកម្មរំលោភសម្លាប់» យ៉ាងសាហាវពិតប្រាកដមែន។
បន្ទាប់មក សមត្ថកិច្ចបានដុតដៃដុតជើង ធ្វើការស្រាវជ្រាវស៊ើបអង្កេតរយៈពេល២ថ្ងៃ ទទើបសមត្ថកិច្ច កំណត់បានមុខសញ្ញាជនដៃដល់ គឺជាព្រះសង្ឃ ហើយក៏បាននាំខ្លួនទៅសាកសួរ និងប្រគល់ឲ្យខាងធម្មការគណៈកម្មការ និងព្រះចៅអធិការវត្ត ផ្សឹកសង្ឃអង្គនោះហើយដើម្បីបន្តនីតិវិធីច្បាប់៕
No comments