កម្មករ របស់ផ្សារថៃហួត បាននាំធ្វើសកម្មភាព ជីកគាស់ឥដ្ឋ ឃឿងផ្លូវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ

ឃឿងផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានក្រុមកម្លាំងកម្មកររបស់ផ្សារថៃហួត នាំគ្នាជីកគាស់រំលើង ឡើងខ្ទេចបាត់អស់ទ្រង់ទ្រាយដើម។
ព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា ករណីជីកគាស់ខាងលើនេះ គឺពុំមានការអនុញ្ញាត ពីមន្ត្រីអាជ្ញាធរ នោះទេ គឺកម្មករទាំងអស់នោះ នាំគ្នាជីកគាស់ដោយអំពើចិត្តឯងតែប៉ុណ្ណោះ (ពោលគឺមានមេបញ្ជាពីក្រោយ)។
ក្រោយពីធ្វើសកម្មភាព ជីកគាស់រំលើង រួចមក អាជ្ញាធរក្នុងខណ្ឌច្បារអំពៅ ក៏បានចុះទៅអន្តរាគមន៍ទប់ស្កាត់ បានទាន់ពេលវេលា រហូតមានការណែនាំឱ្យកម្មករទាំងនោះ រៀបចំឥដ្ឋឡើងវិញ ពោលគឺឱ្យរៀបចំឱ្យបានដូចសភាពដើម។
បន្ទាប់ពីមានការណែនាំពីមន្ត្រីមូលដ្ឋាន កម្លាំងកម្មករទាំងអស់នោះ បាននាំគ្នារៀបចំឃឿងផ្លូវនោះតាមការណែនាំរបស់អាជ្ញាធរ។ ទោះបីមិនបានស្អាតមួយរយភាគរយដូចទ្រុងទ្រាយដើមក៏ជាការទទួលស្គាល់កំហុស។
សូមបញ្ជាក់ដែរថា៖ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ហើយក៏មានការអន្តរាគមន៍ពីអាជ្ញាធរបានទាន់ពេលវេលាភ្លាមៗផងដែរ៕




No comments