បុរសម្នាក់ បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរ បានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បណ្ដាលឲ្យឆក់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើល
កំពង់ចាម ៖ បុរសម្នាក់ បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរ បានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បណ្ដាលឲ្យឆក់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយបានទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចាត់តាំងកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រំុ គ្រូពេទ្យមណ្ឌលសុភាពឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ហើយបានបង្កើតគណះកម្មការ ចុះទៅដល់ទីកន្លែងកើតហេតុ ស្រាវជ្រាវពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា : សពជនរងគ្រោះមាន ឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមកលេងផ្ទះបងថ្លៃ ឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាំងពី ថ្ងៃ៧ខែឧសភាឆ្នាំ២០២០។
លុះព្រឹកឡើងវេលាម៉ោង៨និង២០នាទីនាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ រស់ គឹមស្រ៊ាន់ បានយកខ្សែភ្លើងតចេញពីប្រអប់ព្រីភ្លើងនៅផ្ទះបងថ្លៃ ចូលទៅក្នុងស្រះ ដើម្បីឆក់ត្រីក្នុងស្រះខាងក្រោយផ្ទះរបស់បងថ្លៃ ពេលដែលតរួចរាល់ហើយក៏យកទៅឆក់ត្រី តែមិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯងបណ្តាលស្លាប់នៅមាត់ស្រះនោះតែម្តង។
មន្ត្រីនគរបាល បានបន្តថា តាមការពិនិត្យសាកសពឃើញថា សាកសពមានសភាពស្លេកស្លាំង ១.ផ្នែកក្បាល់៖ លើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោចដោយខ្សែភ្លើងឆក់មួយកន្លែង, ២. ផ្នែកដងខ្លួន៖ នៅលើស្មា ដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះរោលស្បែក ដោយខ្សែភ្លើងឆក់មួយកន្លែង, ៣. ផ្នែកអវយវៈ៖ គ្មានស្លាកស្នាម។-ផ្អែកតាមការពិនិត្យពីកន្លែងកើតហេតុ ផ្អែកតាមការបំភ្លឺរបស់សាក្សីជុំវិញទីកន្លែងកើតហេតុនិងផ្អែកតាមការពិនិត្យទៅលើសាកសពជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានបានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។ ក្រោយពីឮពិនិត្យសពរួច គណៈកម្មការបានប្រគល់សពឱ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments