ទីបំផុត..! តុលាការសម្រេចឃុំខ្លួនលោកផ្កាយ១ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយពីដកកាំភ្លើង វាយក្បាលសន្តិសុខ

ទីបំផុត..! តុលាការសម្រេចឃុំខ្លួនលោកផ្កាយ១ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយពីដកកាំភ្លើង វាយក្បាលសន្តិសុខ
ខេត្ដកណ្តាល ៖ នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនមន្ត្រីយោធាផ្កាយ១ ហេង គាហុង ដែលយកកាំភ្លើងវាយសន្តិសុខបែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដាក់ពន្ធនាគារខេត្តកណ្ដាល ជាបណ្ដោះអាសន្ន។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ការសម្រេចឃុំខ្លួនយោធាផ្កាយ១ រូបនេះ ត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី.រសៀល មានករណីអំពើហិង្សាមួយបានកើតឡើងនៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បង្កដោយឈ្មោះ ហេង គាហុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និង ជាមន្ត្រីយោធាពាក់ផ្កាយ១។
ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕







No comments