បទល្មើសនេសាទខុសច្បាប់ពេញផ្ទៃទឹក ខណៈអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធ

បទល្មើសនេសាទខុសច្បាប់ពេញផ្ទៃទឹក ខណៈអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធ
ខេត្តកំពង់ធំ ៖ ករណីនេសាទខុសច្បាប់ជាច្រើននៅក្នុងដែនទឹកតំបន់បឹងទន្លេសាប កំពុងតែបង្កការក្ដៅរហាយដល់ប្រជានេសាទសូតត្រង់ជាច្រើនគ្រួសារ ដែលប្រកបរបរនេសាទស្របច្បាប់ដើម្បីចិញ្ចឹមជីវិត ជាក់ស្តែងបច្ចុប្បន្នបទល្មើសនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់នៅចំណុច «ព្រែកតាសោម ចំណុចព្រែកទាល់ និងនៅតាមដងព្រែកផ្សេងទៀត» ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និង ឃុំ-ស្រុក ផ្សេងៗទៀត នៅខេត្តកំពង់ធំ កំពុងកើនឡើងយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃទន្លេ ខណៈអាជ្ញាធរពាក់ព័ន្ធមិនឃើញចេញមុខទៅបង្ក្រាប ទោះបីជាមានប្រជាពលរដ្ឋរាយការណ៍ និងសារព័ត៌មានចុះផ្សាយយ៉ាងណាក៏ដោយ។
តាមប្រភពព័ត៌មានពីប្រជានេសាទក្នុងស្រុកកំពង់ស្វាយ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ កំពុងរីករាលដាលយ៉ាងខ្លាំងជាពិសេសនៅស្រុកកំពង់ស្វាយ ហើយប្រជានេសាទ ដែលនេសាទជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ «រាយមោង រាយសន្ទូច» បានរិះគន់និងដាក់ការសង្ស័យថា ប្រហែលជាមានការបើកដៃពីសំណាក់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តហើយ ទើបអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកំពង់ស្វាយ មិនមាននរណាម្នាក់ហ៊ានចេញមុខមកបង្រា្កប បទល្មើសនេសាទខុសច្បាប់ទាំងនោះ ។ ក្នុងការសង្ស័យនោះនៅមានលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំផងដែរ ព្រោះលោកបានបណ្តោយឲ្យលោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្តាយ ធ្វើអ្វីៗតាមអំពើចិត្ត ពោលគឺ៖ «បណ្តោយឲ្យមានបទល្មើសនេសាទខុសច្បាប់នៅដែនការពាររបស់ខ្លួន»។
ចំពោះលោក យ៉ាន់ វិសាក់ (ហៅសែ) នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្តាយ ខាងសារព័ត៌មាន «កងមាស» មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនិងបទល្មើសនេសាទខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រោះខលទូរស័ព្ទចូលលើកហើយ គ្រាន់តែលឺថា អ្នកសារព័ត៌មាន ក៏ប្រញាប់បិទទូរស័ព្ទ មិនព្រមផ្ដល់បទសម្ភាសន៍។
ហេតុដូចនេះសូមសំណូមពរដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមឯកឧត្តមមានវិធានការទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ទាំងនោះផងទាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភាពស្មើរគ្នា ក្នុងការប្រកបរបរនេសាទដោយស្របច្បាប់៕
















No comments