ដកហូត ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីផ្ដន្ទាទោសតាមច្បាប់

ដកហូត ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីផ្ដន្ទាទោសតាមច្បាប់
ភ្នំពេញ៖ ថ្ងៃសៅរ៍៦ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដកហូតឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធូក អត្ថលេខ ៧៣៥៥៧ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យនេះធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធូក រូបនេះ បានប្រព្រឹត្តល្មើសទៅនឹងសេចក្តីនែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ «ក្នុងសហគមន៍ ២០កុម្ភៈ» រដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឲ្យមានការជួបជុំ ប្រមូលផ្តុំគ្នា ដោយកាន់ភ្ជាប់នូវវិធានការ ៣កុំ ៣ការពារ និងតាមសេចក្តីនែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។
គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង២១:៣០នាទីយប់ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធូក និងបក្សពួកគូកន បានប្រមែប្រមូលអ្នកជួលផ្ទះរបស់ខ្លួនមកផឹកស៊ី ច្រៀងរាំ ប៉ាតម្សៅ ដោយមិនខ្លាចញញើត និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ហើយនៅរសៀលថ្ងៃទី១៧ ខែមេសា នេះដែរ លោក អ៊ុង ចាន់ធូក និងគូកនពីរនាក់ទៀត ក៏ត្រូវបានបញ្ចូនទៅកាន់តុលាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕




No comments