ជិះកង់ចេញពីកន្លែងធ្វើការ ត្រឡប់មកបន្ទប់ជួលវិញ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ (R.I.P)

ជិះកង់ចេញពីកន្លែងធ្វើការ ត្រឡប់មកបន្ទប់ជួលវិញ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ (R.I.P)
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០នាទីល្ងាច ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំនុចស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កដោយរថយន្តយីឌុប បានបើកកិននារីម្នាក់កំពុងជិះកង់ត្រឡប់ចេញពីកន្លែងធ្វើការ បណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាម យ៉ាងអនោចអធ័ម។
ជនរងគ្រោះដែរជាកម្មការិនីរោងចក្រមានឈ្មោះ សួន ចាន់គា ភេទស្រី អាយុ ២៣ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់)។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះកង់ម្នាក់ឯង ត្រលប់ចេញពីកន្លែងធ្វើការ សំដៅទៅបន្ទប់ជួល លុះមកដល់ចំនុចទីតាំងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទយីឌុប ពាក់ស្លាកលេខ ព្រះសីហនុ 3A-0985 បានបុកនិងកិននារីរងគ្រោះបណ្តាលអោយស្លាប់នៅនិងកន្លែងភ្លាមៗ ក្រោយបានកិននារីរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗនោះ តៃកុងរថយន្តបានព្យាយាមបើករត់គេច លុះដល់ចំនុចផ្សារទួលពង្រ ត្រូវបានប្រជាពលរដ្ឋសហការគ្នាចាប់បានទាំងរថយន្ត និងអ្នកបើកបរ។
ក្រោយពេលកើតហេតុសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕




No comments