ជប៉ុនប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

ជប៉ុនប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា
រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូសដល់កម្ពុជា។ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមសាររបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
បើស្ថានទូតជប៉ុន វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
ឯកអគ្គរាជទូតជប៉ុនបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។
ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ ជប៉ុនបានផ្តល់ជំនួយសរុបជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា រួមមានបរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រគម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងការរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។
ក្នុងសាររបស់ខ្លួន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ផងដែរថា៖ «យើងក៏បានផ្តល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល»៕
No comments