រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលបន្តរិះរកគ្រប់មធ្យោបាយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី

រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលបន្តរិះរកគ្រប់មធ្យោបាយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេងក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង មានការចូលរួមពីតំណាង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលជាក្តីបារម្ភចំពោះសេចក្តីសុខសុវត្ថិភាព សុខភាពរបស់ប្រជាជន។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិ នៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋានចំនួន ២២រាជធានី-ខេត្ត លើកលែងតែខេត្តចំនួន ០៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។ ដោយឡែក សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១ នាក់ ដោយបែងចែកជា ៣ ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញ ដែលតា (Delta) នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញដែលតា (Delta) នៅក្នុងសហគមន៍។
ឯកឧត្តមបន្តថា៖ ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។
ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញនៅតែ បន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក.និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។ រដ្ឋបាលរាជធានីភ្នំពេញបាន ត្រៀមទីតាំងមណ្ឌល ចត្តាឡីស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និង កម្ពុជា-វៀតណាម ចំនួន ២ ទីតាំងបន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០ គ្រែ និង (២) វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០ គ្រែឬនាក់។ ទី២ ៖ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមានសមត្ថភាពទទូលជំងឺជាង ១,៤០០ គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១៣៥០ គ្រែ នឹងគ្រែសង្គ្រោះបន្ទាន់ មានចំនួន ៨៨ គ្រែ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រហូតមានការ ថយចុះ។ តែចុងក្រោយនេះក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជំរុញឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែម ទៀត។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់ឱ្យបាននូវការ រីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕




No comments