ការចូលរួមរបស់ប្រជាពលរដ្ឋជាចំណុចដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ជំងឺកូវីដ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថាការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ គឺជាចំណុចដ៏សំខាន់បំផុតនៅក្នុងបរិបទទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ដើម្បីរួមគា្នទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ខណៈដែលបច្ចុប្បន្នវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ ដែលតា Delta កំពុងចរាចរណ៍ស្ទើរតែគ្រប់រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាទៅហើយ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាលនិងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេស វីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ ដែលតា ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំង ខណៈដែលវីរុសកូវីដ១៩បំប្លែងថ្មីនេះ មានសមត្ថភាពចម្លងលឿនជាងប្រភេទវីរុសកូវីដ១៩ធម្មតា ដែលទាមទារឱ្យមានការចូលរួមពីបុគ្គលគ្រួសារ ជាពិសេសសហគមន៍ ដើម្បីទប់ស្កាត់និងអាចឈានទៅ កាត់ផ្តាច់ការចម្លងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីការរៀបចំផែនការសម្រាប់អនុវត្តសកម្ម ភាពចូលរួមរបស់សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា តួនាទីរបស់បុគ្គល គ្រួ សារ និងសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់បំផុត ក្នុងការគាំទ្រគ្នាទៅវិញទៅមក ការធ្វើចត្តាឡីស័ក ការតាមដានរកករណី ការថែទាំព្យាបាលជាដើម។
«ដូចខ្ញុំបានលើកឡើងថា មិនត្រឹមតែបុគ្គលទេគឺគ្រួសារនិងសហគមន៍ ត្រូវតែរួមគ្នាទទួលខុសត្រូវនៅក្នុងការទប់ស្កាត់ការចម្លងនូវជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ខ្លួន ហើយនៅទីនេះយើងត្រូវមើលឃើញថា ការ ចូលរួម ឬយើងអាចនិយាយបានថាតួនាទីរបស់សហគម ន៍នៅក្នុងការទប់ស្កាត់ការចម្លងនូវវីរុសកូវីដ១៩នេះ វាជាយុទ្ធសាស្ត្រគន្លឹះសំខាន់មួយ ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀតដែលបានដាក់ ចេញដោយប្រមុខរាជរដ្ឋាភិ បាល ហើយដោយសហគមន៍របស់យើងក៏មានតួនាទីសំ ខាន់ណាស់ នៅក្នុងការចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ តាមដាន ការអនុវត្តនូវរាល់វិធានការនានា ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាដោយក្រសួងសុខាភិបាល»។
លោកជំទាវបានបន្តទៀតថា ដើម្បីឱ្យការចូលរួមរបស់សហគមន៍អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានបណ្តាញនិងយន្តការចូលរួមរបស់សហគមន៍មួយច្បាស់លាស់ ប្រកបដោយសមត្ថភាព និងមានការគាំទ្រត្រឹមត្រូវជាទីបំផុត៕

No comments