រថយន្តដឹកខ្សាច់យកទៅផ្គត់ផ្គង់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ_វគ្គ១

រថយន្តដឹកខ្សាច់យកទៅផ្គត់ផ្គង់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ_វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខេត្តកណ្ដាល៖ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលគេដឹងថាជាក្រុមរថយន្ត ដឹកជញ្ជូនខ្សាច់ ផ្គត់ផ្គង់ឲ្យទៅ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» ដែលមានទីតាំងស្ថិតនៅឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានរថយន្តធន់ធំ សង្ស័យជារថយន្តប្រភេទកាត់ត គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ កំពុងតែដឹកជញ្ជូនខ្សាច់ បំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាព សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។
យោងតាមសកម្មភាពជាក់ស្តែង ឃើញថា៖ ផ្លូវមួយខ្សែតាមបណ្ដោយ ឃុំស្វាយជ្រុំ និងឃុំអរិយក្សត្រ ត្រូវខូចខាតយ៉ាងដំណំ ខណៈរថយន្តដឹកខ្សាច់ធន់ធំទាំងនោះ បញ្ចេញសកម្មភាព ដឹកជញ្ជូនខ្សាច់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន រិះគន់តៗគ្នា ថា ក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ កំពុងតែ បំផ្លិចបំផ្លាញសម្បតិ្តសារធារណៈ ដើម្បីតែប្រយោជន៍បុគ្គល។
មហាជនបានលើកឡើង ទៀតថា៖ រថយន្តដឹកខ្សាច់ទាំងអស់នោះ ភាគច្រើន គ្មានផ្លាកលេខ សង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានអើពើ ចាត់ចំណាត់ការទប់ស្កាត់ចំពោះ ប្រភេទរថយន្តទាំងនោះសោះឡើយ។
ប្រភពបានបន្ថែមទៀតថា៖ ដេប៉ូបូមខ្សាច់ខាងលើនេះប្រហែលជាមិនមានអាជ្ញាប័ណ្ណ អាជីវកម្មត្រឹមត្រូវ នោះទេ ហើយក្រុមការងារសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺណាមួយពីម្ចាស់ដេប៉ូបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ។
ទាក់ទិនទៅនិងបញ្ហាខាងលើនេះ ផងដែរ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលរថយន្តដឹកខ្សាច់ទាំងនេះផងទាន! ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាពិនិត្យមើលដេប៉ូបូមខ្សាច់ខាងលើដោយក្ដីអនុគ្រោះ។
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើង សូមរង់ចាំការបំភ្លឺពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664 Cellcard
☎️098906664 Smart







No comments