ពលរដ្ឋជាង១០០គ្រួសារសាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អភិបាលខេត្តកណ្ដាលដែលបានចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះជនខិលខូចយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈ

ពលរដ្ឋជាង១០០គ្រួសារសាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អភិបាលខេត្តកណ្ដាលដែលបានចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះជនខិលខូចយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈ
កណ្ដាល៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានសុំអន្តរាគមន៍ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយពាក់ព័ន្ធទៅនឹងករណី មានជនខិលខូច បានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។
លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ បានអោយដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យ អង្កេត ឃើញថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរាគមន៍ គឺពិតជាផ្លូវសាធារណៈដែលប្រជាពលរដ្ឋ បានប្រើប្រាស់តាំងពីបូរាណមក។ ហើយរដ្ឋបាលស្រុកធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ០២ លើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។
មានប្រសាសន៍ក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះ ទុកពេលឲ្យជួយជុលធ្វើផ្លូវ ដែលបានកាយនោះឡើងវិញ ក្នុងរយៈពេល ១០ ថ្ងៃជាកំណត់។ ក្នុងករណីមិនអនុវត្តតាមនោះរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានសំដែងនូវការអបអរសាទរ និងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ ដែលនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕






No comments