មេតុងទីនក្បាលខូច កើបលុយ ជាង១០០លាន រត់គេចខ្លួន សូម្បីតែដានជើងក៏គ្មានស្រមោល

មេតុងទីនក្បាលខូច កើបលុយ ជាង១០០លាន រត់គេចខ្លួន សូម្បីតែដានជើងក៏គ្មានស្រមោល
ស្ត្រីជាមេតុងទីន ឈ្មោះ យ៉ន សុខលី អាយុ ៤២ឆ្នាំ ទីកន្លែងកំណើត ភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានកំពុងរត់គេចខ្លួនបាត់ស្រមោល ក្រោយពីកើបលុយពីកូនតុងទីន ប្រមាណជាង ១០០លានរៀល។
យោងតាមការលើកឡើងពីជនរងគ្រោះ ដែលជាកូនតុងទីបានឲ្យដឹងថា៖ កាលពីអំឡុងឆ្នាំ២០២២ពួកខ្លួនទាំងអស់គ្នាបានលេងតុងទីនជាច្រើនក្បាល ក្នុងមួយក្បាល១០មុឺនរៀល ដែលមាន ឈ្មោះ យ៉ន សុខលី ធ្វើជាមេ និងធ្វើការដេញតុងទីនមួយខែពីរដង ដេញថ្ងៃទី១០ម្តង និងធ្វើការដេញនៅថ្ងៃទី២២ម្តងទៀត។
ដោយយល់ឃើញថាការលេងតុងទីនអាចចំណេញបានការប្រាក់បន្តិចបន្តួចខ្លះ និងជាការផ្តល់សេចក្តីទំនុកចិត្តគ្នា រវៀងមេតុងទីន និងកូនតុងទីនផងនោះ ទើបពួកគាត់ដែលជាជនរងគ្រោះសម្រេចចិត្តនាំគ្នាលេងតុងទីនជាច្រើនក្បាលក្នុងម្នាក់ៗ។ ដោយសារតែការទុកចិត្ដលើមេតុងទីនពេក ទើបរហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤មុនចំនួន២ថ្ងៃ នៃថ្ងៃបុណ្យសេចក្តីស្រឡាញ់ ១៤កុម្ភៈ មេតុងទីនហេងស៊យរូបនោះបានកើបលុយ រួចគេចខ្លួនទៅបាត់ស្រមោល លែងឲ្យឃើញសូម្បីតែដានជើង ចំណែកឯលេខទូរស័ព្ទក៏បិទខលលេងចូលទាំងពីរប្រព័ន្ធ។
ជនរងគ្រោះទាំងអស់នោះក៏បានអំពាវនាវទៅកាន់មហាជន សូមកុំធ្វើការលេងតុងទីនពួកគាត់ និងសូមកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ ព្រោះតែការទុកចិត្ត មេឃទុកចិត្តនេះហើយ ទើបពួកគាត់ទាំងអស់គ្នា បានមកចាញ់បោកទាំងភ្នែកស្រស់។
យ៉ាងណាករណីនេះក៏បានកើតក្លាយទៅជាជំងឺឈឺក្បាលវិលមុខទៅអាជ្ញាធរដែលមានសមត្ថកិច្ច ខណៈជនរងគ្រោះជាច្រើនអស់ជម្រើសមិនទៅពឹងអ្នកណា បើទៅពឹងឬប្តឹងទេវតា មានតែតាមកម្មផល តែបើមកប្តឹងប៉ូលិសឯណេះវិញក្រែងលោរកឃើញតម្រុយស្ត្រីដែលជាមេតុងទីន និងធ្វើការឃាត់ខ្លួនសួរនាំតាមច្បាប់ ក្រែងបានលុយត្រឡប់វិញខ្លះ។
ដូច្នេះសូមសមត្ថកិច្ចមេត្តាជួយស្វែងរកស្ត្រីដែលជាមេតុងទីនកំហូច ឈ្មោះ យ៉ន សុខលី យកមកសួរនាំនិងចាត់វិធានការតាមផ្លូវច្បាប់ផងទាន។
សូមបញ្ជាក់ផងដែរថា៖ ជនរងគ្រោះក្នុងករណីខាងលើនេះគឺជាកម្មការីរោងចក្រកាត់ដេរ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយខាងសារព័ត៌មានយើងក៏បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺជាមួយមេតុងទីនកំហូចរូបនេះតាមរយៈលេខទូរស័ព្ទប៉ុន្តែខលអត់ចូលគ្រប់ប្រព័ន្ធទាក់ទង៕




No comments