សម្តេចតេជោ ហ៊ុន សែន វាយតម្លៃ និងសន្និដ្ឋានថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ កើតឡើងដោយបុគ្គល ឬអង្គភាព
ជុំវិញការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥រហូតដល់បណ្តាលឱ្យទាហ៊ានកម្ពុជាម្នាក់ស្លាប់នោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានវាយតម្លៃ និងសន្និដ្ឋានថា មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថៃនោះទេ វាអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀតបង្កហេតុណាមួយ ហើយរឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «លើកនេះ ខ្ញុំមិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឱ្យបែបនេះទេ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាក់ដូចជាកើតឡើងដោយបុគ្គល ឬអង្គភាព នៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ ចាប់ផ្ដើមវាយឆ្មក់។ ប៉ុន្ដែម៉ោង ៦ល្ងាចម្សិលមិញ ក៏ត្រូវបានដកត្រឡប់ទៅវិញ»។
សម្ដេចតេជោលើកឡើងថា ប្រសិនបើនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលជាកម្លាំងនេះមិនត្រូវបានដកទេ ហើយច្បាស់ណាស់ថា មិនមែនជាបន្ទាត់នយោយបាយរបស់រាជរដ្ឋាភិបាលថៃ ឬក៏ក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំងមូលនោះទេ ប៉ុន្ដែអាចចេញមកពីអង្គភាពតែប៉ុណ្ណោះ។ សម្ដេចតេជោអះអាងថា នេះគ្រាន់តែជាការប៉ានស្មានរបស់សម្ដេចតែប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសាររម្លឹកថា កន្លែងទាហានខ្មែរបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិកាលពីព្រឹកថ្ងៃ២៨ ខែឧសភា គឺជាទីកន្លែងដែលសម្តេចធ្លាប់ទៅអង្គុយអំឡុងពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃកាលពីអំឡុងឆ្នាំ២០០៩។
សម្តេចតេជោបានលើកឡើងពីការដឹកនាំកងកម្លាំងទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃជាទីកន្លែងធ្លាប់មានសង្គ្រាមជាមួយភាគីថៃ កាលពីឆ្នាំ២០០៩ថា គឺសម្តេចមិនមែនជានាយករដ្ឋ មន្ត្រីចាំតែអង្គុយធ្វើការ ឬស៊ីញ៉េតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ពោលគឺសម្តេចបានចេញមកដោះស្រាយបញ្ហាប្រទេសជាតិទាំងហាលថ្ងៃនិងហាលភ្លៀងច្រើនជាងអង្គុយក្នុងម៉ាស៊ីនត្រជាក់។ សម្រាប់ប្រវត្តិនៃការតស៊ូជាមួយភាគីថៃនេះដែលពីថ្ងៃ២៨ ខែឧសភា មានទាហានខ្មែរបានបាត់បង់ជីវិតនោះ សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «អាកន្លែងកើតឡើងពីម្សិល ជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នឹង ហេតុអីបានជាទឹកដីគេ ។ ពីដើមគេមានសាលាមួយ តែសាលាហ្នឹងវាឆេះហើយ ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹង អីចឹងបានជាខ្ញុំមិនអស់ចិត្ត ហេតុអ្វីបានជាទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង កន្លែងហ្នឹងខ្ញុំទៅអង្គុយ»។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ។ យើងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត៕

No comments