អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលស្រុកចំការលើ ត្រូវពង្រឹងគុណភាព និង ប្រសិទ្ធភាព រួមទាំងឥរិយាបថរបស់មន្ត្រីផ្តល់សេវា ហើយខិតខំដោះស្រាយបញ្ហាជូនពលរដ្ឋ

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ រដ្ឋបាលស្រុកចំការលើ ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ រួមទាំង ពង្រឹងឥរិយាបថរបស់មន្ត្រីផ្តល់សេវា ហើយត្រូវពង្រឹងការខិតខំដោះស្រាយសំណើរ និង សំណូមពរជូនប្រជាពលរដ្ឋផងដែរ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ រដ្ឋបាលស្រុកចំការលើ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរ សូមឱ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន ឯកឧត្ដមបញ្ជាក់ថា ថ្វីត្បិតតែការអនុវត្តការបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនេះ គឺយើងធ្វើជាប្រចាំថ្ងៃហើយ ប៉ុន្តែយើងត្រូវមើលថាតើត្រូវអនុវត្តអ្វី បន្ថែមទៀត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ត្រូវបន្តក្តាប់ឱ្យបានជាប់ជាប្រចាំអំពីព័ត៌មានក្តីកង្វល់របស់ ប្រជាពលរដ្ឋ ហើយត្រូវយកក្តីកង្វល់របស់ប្រជាពលរដ្ឋនេះ មកធ្វើការដោះស្រាយឱ្យបានល្អ ប្រសើរនៅកម្រិតមូលដ្ឋានរបស់ខ្លួន ពោលគឺត្រូវខិតខំព្យាយាមដោះស្រាយ ជៀសវាងពេលទទួល បានពាក្យបណ្តឹង ឬសំណូមពរហើយ បែរជាមិនខិតខំដោះស្រាយទេ ហើយរុញច្រានរឿងនោះ ចេញ ឬបញ្ជូនបន្តទៅថ្នាក់លើ ដោយអាជ្ញាធរមិនបានធ្វើការដោះស្រាយនោះឡើយ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ ត្រូវខិតខំអនុវត្តចលនាប្រឡងប្រណាំងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងសេវាសង្គម ដែលរដ្ឋបាលខេត្តបានដាក់ឱ្យអនុវត្តនាពេលកន្លងមក ពិសេសត្រូវផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕


No comments