រថយន្តស៊េរីទំនើបNISSAN NAVARAប្រះលះក្បាលព្រួញពុះទ្រូងផ្លូវបាក់ អស់២កង់កល់ជាប់ទៅមុខលែងរួច
ភ្នំពេញ : ប្ដីប្រពន្ធ២នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយលឿនដូចហោះជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កង់ ចំនែករថយន្តត្រូវកល់ជាប់និងទ្រូងផ្លូវទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ខាងត្បូងពេទ្យលោកសង្ឃប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BH-0100 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងផ្លូវខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមានរបួស។
ភ្លាមៗនោះពីរនាក់ប្តីប្រពន្ធបានចេញពីរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕