អគ្គិភ័យឆេះផ្ទះលក់ហ្គាសនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ សម្លាប់មនុស្ស៤នាក់ និងរបួស៥នាក់, សមត្ថកិច្ចប្រើទឹកអស់១១២ឡាន ទើបរលត់ទាំងស្រុង
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។
ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។
នាយការិយាល័យរូបនេះ បានឲ្យដឹងទៀតថា សាកសពអ្នកស្លាប់ទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ខណៈមូលហេតុ បណ្ដាលមកពីផ្សាអេឡិចត្រិចធុងហ្គាស ធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យតែម្ដង។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១១២ឡាន ទើបអាចរលត់ទាំងស្រុង ក្នុងនោះរួមមាន៖
*រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦០ឡាន
*រថយន្តក្រសួងមហាផៃ្ទ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន
*រថយន្តកងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន
*រថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន
*រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន
*រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន
*រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន
*រថយន្តផ្សារទំនើបអូរឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន៕