ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានបន្ថែមប្រវត្តិសាស្រ្តថ្មី ប៉ុន្តែនៅរក្សាបេសកកម្មដដែល
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំជាកងអន្តរាគមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហានរបស់អង្គភាពផ្ទាល់។ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា នេះគឺជាជំហានថ្មីមួយទៀតប្រកបដោយមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ, សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេសឆត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញឱ្យឃើញការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចកន្លងមករបស់យោធិនទូទាំងអង្គភាព។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺនជំនាញទ័ពពិសេសមិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារកិច្ចបណ្តុះបណ្តាលកសាងសមត្ថភាពលើជំនាញនេះសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏មានពិធីបើកវគ្គហ្វឹកហ្វឺនចំនួន៣ផ្សេងគ្នាក្នុងនោះ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤៕