នារីម្នាក់គិតខ្លី ផឹកថ្នាំពុលសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនិងអ្នកភូមិ
ករណីផឹកថ្នាំពុលសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក តែជាអកុសលការជួយសង្គ្រោះនេះគឺបានហួសពេលទៅហើយ។ហេតុដែលនាំឱ្យយុវតីរូបនេះផឹកថ្នាំពុលសម្លាប់ខ្លួននេះបន្ទាប់ពីគេសង្ស័យថាប្រហែលជានាងខឹងម្ដាយស្ដីបន្ទោសរឿងនាំកូនស្រីអ្នកភូមិមកច្រៀងកម្សាន្តលេង។
នារីដែលគិតខ្លីធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ តន់ ហឿន អាយុ ២៣ឆ្នាំ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។
មុនកើតហេតុគេឃើញនារីគិតខ្លីបានហៅកូនស្រី ជាអ្នកភូមិផងរបងជាមួយមកច្រៀងលេងកម្សាន្តតាមបាស់ប្ល៊ធូយ៉ាងសប្បាយ។
ក្រោយមកនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារនិយាយស្ដីបន្ទោសបន្តិចបន្តួចរឿងនាំកូនស្រីគេមកលេងផ្ទះ ស្រាប់តែនាងអន់ចិត្តរត់ទៅដេកយំ ហើយយកថ្នាំពុលកំប៉ុងជ័រពណ៌សមកផឹកប្រកាច់វីវក់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកនារីនេះត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែករហូតដល់វេលាម៉ោង១រំលងអធ្រាត្រដោយអាការធ្ងន់ធ្ងរពេកថ្នាំពុលជ្រាបដល់សរសៃឈាមក៏បានផុតដង្ហើមស្លាប់ ។ សពត្រូវបានឪពុកម្តាយដឹកចេញពីមន្ទីរពេទ្យយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕