សូមមានការប្រុងប្រយ័ត្នចំពោះការផ្ញើទិន្នន័យសំខាន់ៗតាមរយៈ Bluetooth
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ភាពចន្លោះប្រហោងថ្មីនៅក្នុង Bluetooth 4.0 ឬ 5.0 ដែលគេឱ្យឈ្មោះថា BLURtooth អាចឱ្យក្រុមអ្នកវាយប្រហារ ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដោយធ្វើការផ្លាស់ប្ដូរលេខកូដបញ្ជាក់ពីភាពត្រឹមត្រូវ ឬធ្វើការកាត់បន្ថយកម្រិតអុីនគ្រីបសិន (encryption)។ ពួកគេក៏បានបន្ថែមទៀតថា ភាពចន្លោះប្រហោងនេះវានឹងនាំឱ្យមានការវាយប្រហារតាមបែប Man In The Middle (MITM) ដែលអាចឱ្យជនអនាមិក ក្លាយជាជនទីបីនៅកណ្ដាលរវាងអ្នកប្រើប្រាស់ទាំងពីរ ហើយជាលទ្ធផលពួកគេអាចទាញយកទិន្នន័យដែលពួកអ្នកប្រើប្រាស់បានបញ្ជូនទៅឱ្យគ្នានោះ ហើយពួកគេក៏អាចធ្វើការស្នើសុំទិន្នន័យពីភាគីទាំងពីរបានថែមទៀតផង។
ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ Bluetooth នៅក្នុងឧបករណ៍របស់លោកអ្នកដូចជា កុំផ្ញើទិន្នន័យសំខាន់ៗដូចជាលេខសម្ងាត់តាមរយៈ Bluetooth ឬ បិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលពុំត្រូវការប្រើប្រាស់ និងជាចុងក្រោយសូមធ្វើបច្ចុប្បន្នភាពទៅលើឧបករណ៍ប្រសិនបើមាន៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា