បិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការសង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ
បិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការសង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម ហ្វេសប៊ុកសង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។
បន្ទាប់ពីទទួលបានព័ត៌មាន និងវីដេអូតាមបណ្ដាញសង្គម ហ្វេសប៊ុក និងសង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ ភ្លាមនោះលោក សុខ ពេញវុធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបញ្ជាកម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងម៉ាស្សា «Diamond Massage» នេះតែម្ដង។
លោកអភិបាល បានបញ្ជាក់ទៀតថា នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំងម៉ាស្សានេះ មិនបានបើកទ្វារនោះទេ ពោលបិទទ្វារចាក់សោ ដោយមានតែសន្ដិសុខម្នាក់ប៉ុណ្ណោះនៅយាម ។ លោកបន្តថា ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត។
គួរជម្រាបថា ការចុះពិនិត្យ និងបិទអាជីវកម្មទីតាំង «Diamond Massage» ក្រោយឃើញរូបភាព និងវីដេអូចែកចាយតាមបណ្ដាញសង្គម ហ្វេសប៊ុក ដោយលាយលំជាមួយរូបភាពនារី ដែលស្លៀកពាក់ស៉ិចស៉ី ហើយត្រូវបានគេសង្ស័យថា ទីតាំងនេះមានបង្កប់សេវាបម្រើផ្លូវភេទ៕
No comments