ទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅខណ្ឌច្បារអំពៅ សង្ស័យតែមានអ្នកចាំរត់ការហើយ ទើបអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្ក្រាប

ទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅខណ្ឌច្បារអំពៅ សង្ស័យតែមានអ្នកចាំរត់ការហើយ ទើបអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្ក្រាប
ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងប្លក់អេតចាយ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប ទោះបីជាមានការរាយការណ៍ ពីប្រជាពលរដ្ឋ ក៏សមត្ថកិច្ច មិនខ្វល់ មានតែបណ្តែតបណ្ដោយ ឲ្យបើកលេងធម្មតា។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី មួយកន្លែងនេះបានបើកដំណើរការ យូរណាស់មកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចណាហ៊ានចេញមុខមកបង្រ្កាបឡើយ។
ប្រភពដដែលបានបន្តទៀតថា ក្នុងទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី មួយកន្លែងនេះ ក្រៅពីមានល្បែងស៊ីសង អាចនឹងមានការប្រើប្រាស់គ្រឿងញៀនទៀតផង ព្រោះអ្នកដែលចូលទៅលេង បើមើលតាមសមាសភាព គឺពោរពេញដោយសារធាតុញៀន។
ហើយប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ក៏ដូចជាប្រជាពលរដ្ធក្នុងមូលដ្ឋានផ្សេងៗទៀត កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីករណីល្បែងស៊ីសង មួយនេះ ព្រោះកាលណាមានល្បែងស៊ីសងប្រាកដជាមាន បទល្មើសគ្រឿងញៀន ចោរលួច ចោរឆក់ ចោរប្លន់ និងបទល្មើសផ្សេងៗទៀត ជាក់ជាមិនខាន។ ហើយពួកគាត់សូមសំណូមពរដល់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកវីរៈសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សូមលោកដឹកកម្លាំងជំនាញចុះបង្ក្រាបផ្ទាល់ នៅទីតាំងមួយកន្លែងនេះផងទៀត.ដើម្បីជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធររៀបស៊ីជាប្រព័ន្ធ បង្កើតបទល្មើស ទុកចិញ្ចឹមឆ្នាំងបាយខ្លួនឯង៕








No comments