ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ផ្ទះជួលក្នុងភូមិសាស្ត្ររាជធានី លើកលែងឬបញ្ចុះថ្លៃឈ្នួល

ភ្នំពេញ ៖ ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ នេះ រហូតដល់ស្ថានភាពនៃការឆ្លងរីករាលដាល ដោយមេរោគកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។
នៅក្នុងសេចក្តីអំពាវនាវនោះ ឯកឧត្តម អភិបាល រាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់មានការយោគយល់ និងអធ្យាស្រ័យ ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។
ជាចុងក្រោយ ឯកឧត្តម អភិបាល រាជធានីភ្នំពេញ មានក្ដីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ នឹងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕





No comments