ឃាត់ខ្លួនឧត្តមសេនីយ៍ទោ ផ្កាយពីរខ្យល់ម្នាក់ បន្លំពាក់ឯកសណ្ឋាន និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ

ឃាត់ខ្លួនឧត្តមសេនីយ៍ទោ ផ្កាយពីរខ្យល់ម្នាក់ បន្លំពាក់ឯកសណ្ឋាន និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង១១:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត និងអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបន្លំពាក់ឯកសណ្ឋាន ជានាយទាហានថ្នាក់ឧត្ដមសេនីយ៍ទោ ផ្កាយពីរ និងក្លែងលិខិតសាធារណៈដើរឆបោកគេ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ កងកម្លាំងក៏បានបញ្ជូនខ្លួនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោយពីសួរនាំរួចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋានជានាយទាហានថ្នាក់ឧត្ដមសេនីយ៍ទោ ផ្កាយពីរ និងក្លែងលិខិតសាធារណៈ ដើរឆបោកពិតប្រាកដមែន។ ក្រោយពីបានចម្លើយសារភាពហើយកម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕



No comments