បែកធ្លាយម្ចាស់គ្លីនិក និងសម្ភពដាលីន ស្រុកស្វាយអន្ទរ ឲ្យលុយ ៣ពាន់ដុល្លារ ទៅគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង
បែកធ្លាយម្ចាស់គ្លីនិក និងសម្ភពដាលីន ស្រុកស្វាយអន្ទរ ឲ្យលុយ ៣ពាន់ដុល្លារ ទៅគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង
ព្រៃវែង៖ ជុំវិញករណីម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ផ្តល់ប្រាក់ ៣ពាន់ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះនេះ បន្ទាប់ពីមានករណីស្ត្រីម្នាក់មានផ្ទៃពោះ ៧ខែ បានស្លាប់បាត់បង់ជីវិត ក្រោយពីបានទៅសំរាកព្យាបាលជំងឺនៅមន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ស្ថិតនៅភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ មិថុនា ថ្មីៗនេះ។
បើយោងតាមប្តីស្ត្រីរងគ្រោះបានឲ្យ ប្រាប់បណ្តាញសារព័ត៌មានដឹងថា៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រូបលោកបាននាំប្រពន្ធទៅពិនិត្យជំងឺនៅមន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ឬហៅថា គ្លីនិក និងសម្ភព ដាលីន ដែលមានទីតាំងនៅក្នុងភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកថា ដំបូងមុនទៅពិនិត្យ និងព្យាបាលជំងឺ ប្រពន្ធរបស់លោក មានអាការៈឈឺពោះតិចៗធម្មតា មិនមានអ្វីធ្ងន់ធ្ងរទេ គឺនៅដើរបាន ហូបអាហារបាន និងធ្វើការបានជាធម្មតា ប៉ុន្តែពេលពិនិត្យជំងឺរួច ក្រុមគ្រូពេទ្យតម្រូវឲ្យប្រពន្ធលោក សំរាកព្យាបាលនៅទីនោះតែម្តង។
ប្តីស្ត្រីរងគ្រោះបានបញ្ជាក់ថា៖ ប្រពន្ធរបស់លោក មានអាការៈធូរស្រាល មុនពេលព្យាបាល និងកំពុងព្យាបាលប៉ុណ្ណោះ ប៉ុន្តែរហូតដល់យប់ទី២ និងយប់ទី៣ ស្រាប់តែប្រពន្ធលោក ធ្វើទុក្ខខ្លាំងឡើងៗ អាការៈចុកអួល ក្អួតចង្អោរ ស្លឺភ្នែក ដកចង្ការមាន់តែម្តង។ ក្រោយពេលឃើញសភាពអ្នកជំងឺធ្ងន់ធ្ងរបែបនេះ នៅយប់ថ្ងៃទី២០ ខែមិថុនា ក្រុមគ្រូពេទ្យបានបញ្ជូនស្ត្រីរងគ្រោះ ចេញពីគ្លីនិករបស់ខ្លួន ក្នុងបំណងគេចវេសពីការទទួលខុសត្រូវ។ ជាអកុសលពេលបញ្ជូនដល់គ្លីនិកផ្សេងមួយទៀត មិនទាន់ទាំងបានកន្លះម៉ោងផង ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។
បន្ទាប់ពីទទួលដំណឹងថាស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត ម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន បានចូលបុណ្យសពចំនួន ២០ម៉ឺនរៀល និងសម្រួលលុយទៅប្តីស្ត្រីរងគ្រោះ ចំនួន ១២លានរៀលទៀត ដើម្បីកុំឲ្យមានការប្តឹងផ្តល់។
សូមបញ្ជាក់ថា៖ ស្ត្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ទាំងម្តាយ និងកូនក្នុងផ្ទៃ មានឈ្មោះ ហ៊ន សារ៉ែន អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើយោងតាមមន្ត្រីដែលបម្រើការនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន នេះ តាមពិតទៅច្បាប់អនុញ្ញាតត្រឹមតែជា បន្ទប់ពិគ្រោះជំងឺ ប៉ុណ្ណោះ ប៉ុន្តែបែរជាក្លែងបន្លំទៅជា មន្ទីរសំរាកព្យាបាល និងសម្ភព ទៅវិញ៕
ជុំវិញករណីខាងលើនេះខាងសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីភាគីខាងមន្ទីរពេទ្យរៀងរាល់ម៉ោងធ្វើការ។
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments