វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិនចំនួន៥លានដូស ទៀតនឹងមកដល់កម្ពុជាចន្លោះខែសីហានិងខែកញ្ញាខាងមុខ
វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិនចំនួន៥លានដូស ទៀតនឹងមកដល់កម្ពុជាចន្លោះខែសីហានិងខែកញ្ញាខាងមុខ
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសទៀត នឹងមកដល់កម្ពុជានៅចន្លោះខែ សីហា និងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ សម្រាប់ចាក់ជូនកុមារនិងយុវវ័យមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ដើម្បីបង្កើនភាពសុំាការពារការចម្លងពីជំងឺកូវីដ-១៩។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខា ភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវ៉ាក់សាំងដែលកម្ពុជាទទួលបានមានចំនួនប្រមាណជាង១៦លានដូស ហើយ ដែលរំពឹងថាត្រឹមចុង ខែកក្កដានេះ វ៉ាក់សាំងនឹងមក ដល់គ្រប់ចំនួន២០លានដូស ទៅតាមផែនការយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដែលបានដាក់ ចេញ។
លោកជំទាវ បានបន្តថា នៅ ពេលក្រុមការងារបញ្ចប់យុទ្ធ សាស្ត្រនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់មនុស្សគោលដៅចំនួន១០ លាននាក់ហើយនោះ គឺក្រុម ការងារពាក់ព័ន្ធនឹងអនុវត្តន៍ផែនការជាបន្តទៀត តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថានឹងផ្តល់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ដែលមានអាយុចន្លោះពី១២ ដល់១៧ឆ្នាំនាពេលខាងមុខ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍ ជាពិសេសអាចឈានទៅបើកសាលារៀនឡើងវិញ។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ភាពជោគជ័យនៃការរកវ៉ាក់សាំងនិងចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋនេះ គឺទទួលបានមកពីការគិតគូរ និងដាក់ចេញនូវផែនការបានយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុង ជ្រោយពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ៦,៣៣៤,៣៧៨នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់បានចំនួន៦៣.៣៤ ភាគរយ៕
No comments