ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ផ្សាយបន្តនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:៥៧នាទីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រី ដាតុ សឺរីហ្សាមរ៉ូស ប៊ីនម៉ូហាម៉ាត់ហៀន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្ដុះបណ្ដាលសិក្ខាកាមយោធិនកម្ពុជាតាមរយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវីជាដើម។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំ។
ជាក់ស្ដែង ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ ១.ការបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មានវិទ្យា ២.ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យកាន់តែខ្ពស់ឡើងជាងពេលបច្ចុប្បន្ន តាមរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យ និងសិក្សាអំពីការរៀបចំយន្តការ Army to Army Talks និង៣.ការរួមគ្នាសំលឹងមើលកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។
ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមានដូចជា បញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី៕
No comments