ឧត្តមសេនីយ៍ត្រី អេង ហ៊ី៖ «កងរាជអាវុធហត្ថ មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់»
ឧត្តមសេនីយ៍ត្រី អេង ហ៊ី៖ «កងរាជអាវុធហត្ថមិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់»
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបំភ្លឺជូនសាធារណៈជននិងអ្នកសាព័ត៌មានថា «កងរាជអាវុធហត្ថមិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់»។
ការលើកឡើងនិងបំភ្លឺជាសាធារណៈ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺធ្វើឡើងក្រោយមានបណ្ដាញផ្សព្វផ្សាយព័ត៌មានជុំវិញបុគ្គលឈ្មោះ សុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំពុងរងបណ្ដឹងជុំវិញករណីរំលោភលើ «ទំនុកទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ និង «មេឈ្មួញឈ្មោះ ចែ ធី កំពុងត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ ខណៈអាជ្ញាធរសមត្ថកិច្ចមិនហ៊ានបង្ក្រាប សង្ស័យខ្លាចអំណាចប្តីគាត់ ធ្វើយោធា និងកូនធ្វើប៉េអិម»។
ខាងក្រោមនេះគឺជាការបំភ្លឺទាំងស្រុង របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖
«ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖
១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ អែម វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ បានឆ្លើយបំភ្លឺថា “នាងខ្ញុំមិនបាននិយាយដូចការផ្សព្វផ្សាយទេ សព្វថ្ងៃនេះនាងខ្ញុំមានតែកូនស្រី២នាក់ និងសូមបដិសេធចំពោះរឿងដែលសារព័ត៌មានផ្សព្វផ្សាយថា ខ្លួនមានប្តីធ្វើជាយោធា ប្អូនជីដូនមួយធ្វើជាប៉ូលិស អធិការនគរបាលស្រុកស្នួល និងមានកូនធ្វើជាអាវុធហត្ថ។
២-ឈ្មោះ សុខា សីហា គឺជានាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតប្រាកដមែន។ ចំពោះដីកាកោះឱ្យឈ្មោះ សុខា សីហា ចូលឆ្លើយបំភ្លឺពីដំណើររឿង “រំលោភលើទំនុកចិត្ត” ជាចំណាត់ការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនពាក់ព័ន្ធឋានៈ មុខតំណែង តួនាទីក្នុងកងរាជអាវុធហត្ថឡើយ។ កងរាជអាវុធហត្ថ ក៏មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់ដែរ។ ខ្ញុំបាទសំណូមពរការផ្សព្វផ្សាយព័ត៌មាន សុំឱ្យមានវិជ្ជាជីវៈនិងគោរពសិទ្ធិបុគ្គលដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សូមគោរពអរគុណ។»
ករណីនេះខាងសារព័ត៌មានយើងក៏សូមជម្រាបជូនដែរថា៖ បុគ្គលឈ្មោះ សុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានជនរងគ្រោះដាក់បណ្តឹងទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ បច្ចុប្បន្នសំណុំរឿងត្រូវបានសមត្ថកិច្ចកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
យ៉ាងណាករណីខាងលើនេះ បុគ្គលឈ្មោះ សុខា សីហា ដែលបានកំពុងរង់បណ្តឹង រូបនេះ ក៏មិនបានធ្វើការបកស្រាយបំភ្លឺណាមួយនោះទេ។ ចំណែកឯដើមបណ្ដឹងនៅតែអះអាងថាខ្លួនជាជនរងគ្រោះកំពុងតែទទូចស្នើសុំឱ្យស្ថាប័នតុលាការ សូមជួយស្វែងរកយុត្តិធម៌ជូនដល់រូបគាត់។
ទោះយ៉ាងណាទាក់ទិនទៅនិងករណីក្តីក្តាំប្តឹងផ្តល់នេះ ឃើញថាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហុី បានបញ្ជាក់ហើយថា៖ «កងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់»។ ដូច្នេះដើមបណ្ដឹងដែលអះអាងថាខ្លួនជាជនរងគ្រោះ ក៏អាចត្រជាក់ចិត្តបាន និងរងចាំចំណាត់ការរបស់ស្ថាប័នតុលាការនៃរាជធានីភ្នំពេញ៕
No comments