មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ លោក ង៉ាម រី ដែលក្លែងឯកសាររៀបការប្រពន្ធថ្មី មានឈ្មោះអ្វីឲ្យពិតប្រាកដ?
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ លោក ង៉ាម រី ដែលក្លែងឯកសាររៀបការប្រពន្ធថ្មី មានឈ្មោះអ្វីឲ្យពិតប្រាកដ?
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នគរបាលខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយារបស់ខ្លួនពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ ដើម្បីរៀបការប្រពន្ធថ្មី។
ក្រោយពីចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីបន្ត នីតិវិធីតាមផ្លូវច្បាប់។
តុលាការខេត្តកំពង់ស្ពឺ ក៏បានសម្រេចចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រឹមតែពីបទ «ទ្វេពន្ធភាព» ដោយមិនមានការពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសាធារណៈនោះទេ។ ខណៈដែលលោក ង៉ាម រី បានប្រើប្រាស់ឯកសារក្លែងដើម្បីរៀបការជាមួយនឹងប្រពន្ធថ្មី ដោយប្រើឈ្មោះ ឃុត វឌ្ឍនា និងបានក្លែងបន្លំភូតភរកុហកថាខ្លួនគឺជាបុរសពោះម៉ាយ ទាំងដែលខ្លួនមិនទាន់បានលែងលះគ្នាជាមួយប្រពន្ធដើម។
ក្រោយពីមានការចោទប្រកាន់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ទៅកាន់លោក ង៉ាម រី ហៅ ឃុត វឌ្ឍនា ពីបទ «ទ្វេពន្ធភាព» តុលាការក៏សម្រេចបញ្ជូនខ្លួន លោក ង៉ាម រី រូបនេះទៅកាន់ពន្ធនាគារដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២៤ និងបានដោះលែងឲ្យមានសេរីភាពវិញក្រោយពីការឃុំឃាំងខ្លួននៅពន្ធនាគារមិនទាន់បានមួយចម្អិនកំពឹសផងនោះ។
ទាក់ទិនទៅនឹងករណីនេះ ប្រជាពលរដ្ឋជាច្រើនបាន សម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងដោយលើកឡើងថា៖ «តើឈ្មោះ ង៉ាម រី នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងឈ្មោះ ឃុត វឌ្ឍនា នៅក្នុងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ តើឈ្មោះទាំងពីរនេះមួយណាពិត មួយណាក្លែងក្លាយ»?។
ប្រជាពលរដ្ឋជាច្រើនស្នើសុំឲ្យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយស្រាយចម្ងល់ដល់ប្រជាពលរដ្ឋផង ថាមន្ត្រីនគរបាល ឈ្មោះ ង៉ាម រី ដែលបានក្លែងបន្លំឯកសាររៀបការប្រពន្ធថ្មីមានឈ្មោះអ្វីឲ្យពិតប្រាកដ៕
No comments