សូមក្រសួងសុខាភិបាល មើលគ្លីនិកឯកជនយីហោ «សុធារិទ្ធ បែកចាន» ទារលុយជិត១ពាន់ដុល្លារ គ្រាន់តែសេរ៉ូម១ប្លោក និងរុំរបួស ដូចជាហួសហេតុពេកទេដឹង?
កណ្តាល ៖ គ្លីនិកឯកជនយីហោ «សុធារិទ្ធ បែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្កឲ្យមានការរិះគន់ជាខ្លាំង ចំពោះការចេញវិក្កយបត្រលើសពីការពិត ឮដោយគ្មានអាសូរដល់អ្នកក្រ ដោយគិតលុយពីអ្នកជំងឺជាប្តីប្រពន្ធ២នាក់ ជិត១ពាន់ដុល្លារ ដែលហាក់ជ្រុលហួសប្រមាណ ខណៈជនរងគ្រោះប្តីប្រពន្ធ បានអះអាងថា ពួកគាត់គ្រាន់តែរងរបួសស្រាលរលាត់ដៃជើង និងមុខមាត់ ប៉ុណ្ណោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
យោងតាមគណនីហ្វេសប៊ុក បានបង្ហោះឲ្យដឹងថា «ក្លីនីកឯកជនឈ្មោះ «សុធារិទ្ធ បែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរិតទារលុយពីអ្នកជំងឺ២នាក់ ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រងបួសស្រាល ដោយរលាត់ដៃជើង និងមុខមាត់ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រុមគ្រូពេទ្យនៅគ្លិនិកនោះ បានសរសេរនៅក្នុងវិក្កយបត្រថា ជនរងគ្រោះទាំង២នាក់ បាក់ដៃ និងបាក់ជើង និងបានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើង និងរួចទារលុយ ចំនួន៧៥០ដុល្លារ បង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
ជនរងគ្រោះអះអាងថា គាត់របួសរលាត់ស្បែកតែប៉ុណ្ណោះ មិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថា “គាត់២នាក់ប្តីប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញ រួចទារលុយជិត១.០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ..។ល។ ខ្ញុំសូមទទូចដល់ក្រសួងសុខាភិបាលកម្ពុជា មេត្តាចុះត្រួតពិនិត្យមើលគ្លីនីកមួយនេះផង។ សូមប្អូនជួយចែករំលែកផង សូមអរគុណ!”។
ទន្ទឹមនេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគាត់បានបញ្ចេញឲ្យគ្រប់គ្នាបានដឹងធាតុពិតថា «ល្បីណាស់ពូ ពេទ្យនៅម្តុំបែកចាននឹង ល្មមដុះក្អែលចេញម្តងហើយ ជួបផ្ទាល់បានដឹង, ប្តឹងទៅបើខូចម្លឹងៗ! មិនដឹងធ្វើស៊ីអ្នកផ្សេងទៀតយ៉ាងណាទេ?»៕
No comments