ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាអោយស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Keno online
ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាអោយស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Keno online
យោងតាមការចុះផ្សាយរបស់ ផេក Pheng Vannak News នៅរសៀលថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះថា ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ PVNN ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីករណី ក្រុមហ៊ុន សុិននីវ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៊ីសងតាមអនឡាញ Keno online រួចមក ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយនាយកដ្ឋានជំនាញចុះស្រាវជ្រាវដេីម្បីចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពណិជ្ជកម្ម បានអោយដឹងដែរថា ឯកឧត្តមបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហេីយនៅរសៀលថ្ងៃនេះ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន សុិន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ថាបាននឹងកំពុងបេីកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានបន្ថែមថា បេីក្នុងករណីសមត្ថកិច្ចរបស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដមឧត្ដមសេនីយ៍ឯក នឹងចាត់ការតាមច្បាប់តែម្ដង ។
គួរបញ្ជាក់ថា ករណីក្រុមហ៊ុន សុិន នីវ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ។ ជាពិសេសក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន សុិន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុន របស់លោក ពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូមែន តែមិនបានបេីកល្បែងស៊ីសងតាមអនឡាញនោះទេ ។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មួយរូបបានង្ហេីបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សុិន នីវ បានហួសសុពលភាពហេីយ ហេីយក្រុមហ៊ុននេះនៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះ ក្រសួងកំពុងចាត់ការតាមនិតិវិធីផងដែរដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់ ។ ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ បេី សមត្ថកិច្ចស្រាវជាវរកឃើញ ក្រុមហ៊ុននេះអាចប្រឈមមុខចំពោះផ្លូវច្បាប់ផង និង អាចដកអាជ្ញាប័ណ្ណវិញផងដែរ ។
យេីងខ្ញុំសូមគាំទ្រចំណាត់ការរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោះករណីនេះ ។




No comments