បាញ់០៧គ្រាប់ បន្ទាប់ពីបើករថយន្តបុកបង្គោលភ្លើង ចុងក្រោយជាប់ឃ្លេ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកណ្ដាល

បាញ់០៧គ្រាប់ បន្ទាប់ពីបើករថយន្តបុកបង្គោលភ្លើង ចុងក្រោយជាប់ឃ្លេ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកណ្ដាល
កណ្តាល ៖ នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ដោយមានការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ បានធ្វើការឡោមព័ទ្ធចាប់ខ្លួន ខ្មាន់កាំភ្លើងម្នាក់ដែល បាញ់ប្រហារទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំពៅពូន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែមករា នេះ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានបើកទៅបុកបង្គោលភ្លើងរបស់រដ្ឋ បណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ បានឃាត់អ្នកបើករថយន្ត ដើម្បីហៅម្ចាស់ក្រុមហ៊ុន មកដោះស្រាយ ។ ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោជិត បន្ទាប់មកក៏ដកយកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសឡើយ។
ក្រោយពីមានហេតុការណ៍នេះកើតឡើងភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តអហិង្សា រហូតចាប់ខ្លួនបានជនល្មើសបាននៅយប់ថ្ងៃដដែលនេះវេលាម៉ោងប្រមាណ១០។
ប្រភពពីសមត្ថកិច្ចបានញ្ជាក់ថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន (មានផ្ទុកនូវសារធាតុញៀន)។
ហើយជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕








No comments