រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់ ITU ធ្វើការពិនិត្យឡើងវិញទៅលើការជំរុញរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅទូរទស្សន៍ឌីជីថល

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់ សហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU ធ្វើការពិនិត្យឡើងវិញទៅលើការជំរុញរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយដើម្បីវាយតម្លៃលើ ការផ្សព្វផ្សាយឌីជីថលបច្ចុប្បន្ន និងការត្រៀម ខ្លួនសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូក ទៅទូរទស្សន៍ឌីជីថល។
នេះគឺជាការថ្ងែងបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារនិងតម្រង់ទិសនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅឌីជីថលជាមួយក្រុមការងារបច្ចេកទេសជាន់ខ្ពស់របសសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU ដែលមានអ្នកជំនាញពីររូបគឺ លោក GARDIYAWASAM AMAL DARSHANA និងលោក SYED AAMIR នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
យោងតាមសំណើរបស់ក្រសួងព័ត៌មាន តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនទៅសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU បានបញ្ជូនក្រុមការងារបច្ចេកទេសជាន់ខ្ពស់ មកជួបពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ទូរទស្សន៍ ឌីជីថលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ស្នើដល់ សហពន្ធ័ទូរគមនាគមន៍អន្តរជាតិ ITU ជួយពិនិត្យរៀបចំគោលនយោបាយគាំទ្រដល់វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ពិសេសធ្វើយ៉ាងណាជំរុញឱ្យការផ្សព្វផ្សាយបានគ្រប់ដណ្តប់នៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់ការទទួលព័ត៌មានរបស់ប្រជាជនបានគ្រប់ៗគ្នាតាមរយៈព័ត៌មានប្រកបដោយគុណភាព ជំនឿជឿជាក់ និងទាន់ចិត្ត។
សូមបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗកន្លងមកនេះ នាយកសហពន្ធ័ទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific តាមរយៈ វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD អញ្ជើញមកសិក្សាស្វែងយល់ពី មធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលនឹងឈានឆ្ពោះទៅការផ្លាស់ប្តូរប្រព័ន្ធផ្សាយពី អាណាឡូក ទៅប្រពន្ធ័ឌីជីថល៕





No comments