ដោយសារកត្តា គ្រឿងញៀន ធ្វើឲ្យអាជ្ញាធរបិទផ្លូវ សូមស្នងការនគរបាល រាជធានី ភ្នំពេញ ជួយប្រជាពលរដ្ឋឱ្យមានផ្លូវដើរផង

យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋដែលរស់នៅភូមិ៧ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា៖ «ផ្លូវតាំងពីជំនាន់ឆ្នាំ១៩៧៩ ជាផ្លូវសម្រាប់ចេញចូល ជាផ្លូវសាធារណៈ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះលេខ547ez ធ្វើការបិទផ្លូវនោះមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាមផ្លូវនោះទេ»។
ករណីនេះអាជ្ញាធរមូលដ្ឋានលោកចៅសង្កាត់ផ្សារដេប៉ូ៣ បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា៖ «បើចង់បើកផ្លូវនិងវិញ សូមឱ្យមានអ្នកធានាសន្តិសុខ បើមានអ្នកធានាសន្តិសុខសុវត្ថិភាពលោកនិងធ្វើការបើកផ្លូវឱ្យប្រជាពលរដ្ឋដើរធម្មតាវិញ»។
លោកចៅសង្កាត់ផ្សារដេប៉ូ៣ ដដែលរូបនោះបានបញ្ជាក់ទៀតថា៖ «ដោយសារតែចំណុចផ្លូវនោះសម្បូរជនញៀនថ្នាំ ទៅជក់គ្រឿងញៀននៅច្រកផ្លូវនោះខ្លាំងណាស់ ដូចនេះទាល់តែមានអ្នកធានាខុសត្រូវលើបញ្ហាសន្តិសុខ ទើបអាចបើកផ្លូវនោះឱ្យដំណើរការវិញបាន»។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ផ្សារដេប៉ូ៣ ដែលជាដើមបណ្ដឹង និង ប្រើប្រាស់អាស្រ័យផលលើច្រកផ្លូវត្រង់ចំណុចខាងលើ តាំងពីជំនាន់ដើម បានរៀបរាប់ប្រាប់សារព័ត៌មានថា៖ «ការបិទច្រកផ្លូវ ចំណុចនេះ គឺជាការបិទដើម្បីយកជាកម្មសិទ្ធិបុគ្គលផ្ទាល់ខ្លួន គឺបិទមិនឱ្យប្រជាពលរដ្ឋដើរតែម្តង»។
ប្រជាពលរដ្ឋស្នើសុំទៅកាន់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយធានាសន្តិសុខសុវត្ថិភាពជូនតាមសំណើរបស់លោកចៅសង្កាត់ផ្សារដេប៉ូ៣ផង ដើម្បីកុំឲ្យមានជនញៀនថ្នាំ មកជក់គ្រឿងញៀន ក្នុងចំណុចច្រកផ្លូវខាងលើ និងស្នើសុំឱ្យមានការបើកផ្លូវឡើងវិញ ដើម្បីឲ្យពួកគាត់ដែលជាប្រជាជនរស់នៅតំបន់នោះបានដើរ ជាធម្មតាវិញ៕








No comments