អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ដល់ភាគីថៃ កុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ដល់ភាគីថៃកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន។
តាមរយៈបណ្តាញសង្គមការងារ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា បានគូសរំលេចថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង និងបានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។
មន្ត្រីជាន់ខពស់ខាងលើ បានបន្ថែមថា ភាគីថៃ ក៏ថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាពដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។
មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ផ្តល់ជាយោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕
No comments