សេចក្តីបំភ្លឺព័ត៌មាន របស់នាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជុំវិញការចុះផ្សាយព័ត៌មានខ្មែរជាយដែន ពាក់ព័ន្ធករណីលោក យឹង សារ៉ាត់ ប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានសារព័ត៌មាន ខ្មែរជាយដែន បានចុះផ្សាយថា “លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីមន្ត្រី ធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥" ។
ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥.០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបាន ទទួលបណ្តឹងពីឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹង ដោយបានរៀបរាប់ថានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង២២.៣០នាទី ឈ្មោះ យឹង សារ៉ាត់ បានមកចូលរួមកម្មវិធីឡើងផ្ទះមិត្តភ័ក្រនៅភូមិមិត្តភាព ពេលមកដល់ឈ្មោះ យឹង សារ៉ាត់ បានឃើញប្រពន្ធគាត់អង្គុយតុជាមួយឈ្មោះ ថាន ធាន ហើយគាត់បានដើរទៅជល់កែវតុប្រពន្ធគាត់អង្គុយជុំគ្នាឈ្មោះ ថាន ធាន ភេទប្រុស បន្ទាប់មកឈ្មោះ យឹង សារ៉ាត់ បានដើរត្រឡប់មកតុវិញ ហើយ ឈ្មោះ ថាន ធាន ភេទប្រុស បានដើរចេញមកក្រៅរោងនិងបក់ដៃហៅឈ្មោះ យឹង សារ៉ាត់ ហើយបាន ដើរទៅ ស្រាប់តែឈ្មោះ ថាន ធាន ដាល់មុខឈ្មោះ យឹង សារ៉ាត់ ចំមុខមួយដៃហើយឈ្មោះ យឹង សារ៉ាត់ ក៏ដាល់ មួយដៃវិញ ពេលនោះស្រាប់តែបក្ខពួកឈ្មោះ ថាន ធាន ប្រហែល០៤នាក់ទៅ០៥នាក់បាននាំគ្នាព្រួតវាយឈ្មោះ យឹង សារ៉ាត់ បណ្តាលឱ្យបែកក្បាលហើមភ្នែកសងខាងដេរប្រហែល២០ផ្ទេរ។
តាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់ការបំភ្លឺរបស់អ្នកពាក់ព័ន្ធជុំវិញរឿងហេតុ ក្នុងនោះ មានដើមបណ្តឹងឈ្មោះ យឹង សារ៉ាត់ ជនសង្ស័យឈ្មោះ ថាន ធាន និងសាក្សីចំនួន០៣នាក់ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឯកភាពឱ្យ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាន ធាន ភេទប្រុស អាយុ៤២ឆ្នាំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងករណី ហិង្សាដោយចេតនា (ទៅវិញទៅមក) រួចបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយចៅក្រមស៊ើបសួរបានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ក្នុងពន្ធនាគារថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សូមបដិសេធទាំងស្រុងលើការផ្សាយសារព័ត៌មានខ្មែរជាយដែន រាល់ការចោទប្រកាន់ករណីមន្ត្រីធ្វើរបាយ ការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ដោយខ្វះការស្រាវជ្រាវយកប្រភពតែខាង និងបំពុលព័ត៌មានសង្គម មានចេតនាធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ។ សមត្ថកិច្ចជំនាញយើងបានអនុវត្តយ៉ាងត្រឹមត្រូវទេ ហេតុ និងអង្គច្បាប់ស្របតាមនីតិវិធី សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នអនុវត្តច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តា ទទួលជ្រាបជាព័ត៌មាន ៕


No comments