សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យថៃបញ្ឈប់ការព្រួសឈាមដាក់ប្រទេសជិតខាង ជាពិសេសកម្ពុជា លើបញ្ហាឧក្រិដ្ឋកម្មអនឡាញ

តបទៅនឹងការអះអាងរបស់នាយករដ្ឋមន្ត្រីថៃដែលថា ការបិទច្រកព្រំដែនជាមួយកម្ពុជា គឺក្រោមហេតុផល បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យថៃបញ្ឈប់ការព្រួសឈាមដាក់ប្រទេសជិតខាង ជាពិសេសកម្ពុជា លើបញ្ហាឧក្រិដ្ឋកម្មអនឡាញ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច មិនអាចទទួលយកបានឡើយ នៅពេលដែលលោកជំទាវនាយករដ្ឋមន្ត្រីថៃ ផែថងថាន ចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជាថាជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មអនឡាញ ខណៈពេលដែលប្រទេសថៃខ្លួនឯងនោះ ពោរពេញទៅដោយអំពើឆបោកអនឡាញ ហើយជាមជ្ឈមណ្ឌលបែងចែកឧក្រិដ្ឋជនឆបោកអនឡាញនេះទៅទៀត។ សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជា គ្រាន់តែជាជនរងគ្រោះ នៃអនឡាញរបស់ថៃតែប៉ុណ្ណោះ ព្រោះ មានប្រទេសថៃមួយគត់ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសខាងក្រៅចូលមកក្នុងប្រទេសថៃ។
ឯមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គ្មានជើងអាកាសធុនធំ ហោះត្រង់ចូលមកទេ។ សម្ដេចតេជោអះអាងថា អីចឹង អ្នកឆបោកអនឡាញទាំងប៉ុន្មាន ត្រូវសម្រួលដោយអាជ្ញាធរថៃ។
សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានស្នើឱ្យបណ្តាមិត្តបរទេស រាប់ទាំងចិន និងអាម៉េរិក មើលឱ្យឃើញនូវចំណុចនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា បង្ក្រាបឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ។ សម្ដេចតេជោថ្លែងទៀតថា មិនមែនតែកម្ពុជាទេដែលរងគ្រោះ បណ្តាប្រទេសជិតខាងថៃ ដូចជាឡាវ និងមីយ៉ាន់ម៉ា ក៏រងគ្រោះដែរ ត្បិតថា ថៃ គឺជាអ្នកផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត និងអគ្គិសនី នៅតំបន់ជាប់ព្រំដែនជាមួយប្រទេសទាំងនោះ។
ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ទៅលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទមិនមែនតែអនឡាញនោះទេ ជួញដូរមនុស្ស លាងលុយកង្វក់ គ្រឿងញៀនជាដើម៕


No comments