សម្តែងល្ខោន ឬ ថតសម្តែង ឧបករណ៍នេសាទខុសច្បាប់ រីកដូចផ្សិត ក្នុងស្រុកស្អាង បែរជាមន្ត្រីជលផល ប្រមូលបានតែស្បៃមុង បួន-ប្រាំ កំណាត់

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងរដ្ឋបាលជលផល ស្រុកស្អាង ខេត្តកណ្តាល បានចុះទៅកាត់ប្រមូលបានតែស្បៃមុងរហែកៗចាស់ៗ ប្រមាណជា ៤ទៅ៥កំណាត់ ចំណែកឯឧបករណ៍នេសាទខុសច្បាប់ផ្សេងៗជាច្រើនទៀតមិនព្រមកាត់កម្ទេចចោលនោះទេ! ពោលគឺ៖ ទុកឲ្យនៅរក្សាជាធម្មតាដោយមិនដឹងហេតុផល។
កម្លាំងមន្ត្រីជលផលចុះទៅកាត់នេះ បន្ទាប់ពីសារព័ត៌មានចេញផ្សាយពាក់ព័ន្ធឈ្មោះ សេង និងឈ្មោះ ធិន បង្កើតប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុងអួនក្រឡាញឹក បោះបង្គោលឬស្សីគ្រប់ទម្រង់ បិទព័ទ្ធជុំជិត បិទមិនឱ្យត្រីតូចធំបំលាស់ទីបាន បិទពាសពេញផ្ទៃបឹង ទូទាំងស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និង ប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្រុកស្អាង ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩នេះថា «បច្ចុប្បន្នសព្វថ្ងៃពួកគាត់ពិបាករកត្រីណាស់ គឺនេសាទយកត្រីហូបមិនចង់បានហូបទេ កុំថាឡើយនេសាទយកលក់! ក្រោមហេតុផល គឺមានជនទុច្ចរិត មានធនធាននិងអំណាច បានប្រើប្រាស់ឧបករណ៍របាំងព្រួល ស្បៃមុងក្រឡាញឹកបិទបាំងពាសពេញផ្ទៃបឹង ដើម្បីហ៊ុំពទ្ធ័ចាប់យកត្រី ធ្វើឲ្យត្រីមិនអាចបំលាស់ទីបាន ជាពិសេសក្នុងរដូវបិទឡូរនេសាទ គឺជនមានអំណាចទាំងនោះនៅតែបន្តសកម្មភាព ដោយគ្មានខ្លាចញញើតច្បាប់បន្តិចឡើយ»។
ទោះយ៉ាងណាករណីខាងលើនេះសារព័ត៌មានបានសង្កេតឃើញថា នៅព្រឹកថ្ងៃ១៩ កញ្ញា ឆ្នាំ២០២៥នេះ មន្ត្រីជលផលនៃរដ្ឋបាលជលផលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះទៅកាត់បានតែស្បៃមុងរហែកចាស់ៗប្រមាណជា៤ទៅ៥កំណាត់ប៉ុណ្ណោះ ចំណែកឯរបាំងបង្គោលឬស្សីស្បៃមុងជាច្រើនទៀត គឺមន្ត្រីជលផលទាំងនោះអត់កាត់កម្ទេចនោះទេ! ហើយក៏មិនដឹងថាជាឆាក់ល្ខោន ឬជាការថតសម្តែង ដើម្បីធ្វើរបាយការណ៍ភូតភរកុហកជូនថ្នាក់លើ ឬយ៉ាងណានោះទេ។
ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល និងចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទ ដែលកំពុងរីកដូចផ្សិត ក្នុងមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល។
ប្រជាពលរដ្ឋសំណូមពរ សូមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយក្រើនរំលឹកបន្ថែមដល់លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផល ឲ្យដឹកនាំកម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទដែលកំពុងរីកដូចផ្សិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផង៕








No comments