ករណីមេភូមិរកាកុះ សង្កាត់ព្រៃស និងបក្ខពួក ជាច្រើននាក់ រួមគំនិតគ្នាយកដីសាធារណៈ «ដីស្រះទឹករួមភូមិ» លក់ទាំងទំនើបចិត្ត ក្នុងតម្លៃប្រមាណជាជាង២លាលដុល្លារ ឲ្យឈ្មួញដ៏អាថ៌កំបាំងម្នាក់ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប នៅមិនទាន់មានសេចក្តីថ្លែងការណ៍ ណាមួយនៅឡើយនោះទេ

ករណីមេភូមិរកាកុះ សង្កាត់ព្រៃស និងបក្ខពួក ជាច្រើននាក់ រួមគំនិតគ្នាយកដីសាធារណៈ «ដីស្រះទឹករួមភូមិ» លក់ទាំងទំនើបចិត្ត ក្នុងតម្លៃប្រមាណជាជាង២លាលដុល្លារ ឲ្យឈ្មួញដ៏អាថ៌កំបាំងម្នាក់ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប នៅមិនទាន់មានសេចក្តីថ្លែងការណ៍ ណាមួយនៅឡើយនោះទេ។
Update ៖ ដីសាធារណៈ «ស្រះទឹករួមភូមិ» ទំហំជាង ១ហិកតា ត្រង់ចំណុចភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានលោក ទូច តាំងស្រួ មេភូមិរកាកុះ សម្រេចយកលក់ទាំងទំនើងចិត្តឲ្យឈ្មួញដ៏អាថ៌កំបាំងម្នាក់ ដែលគេបង្ហើបថា មានងារជា «ឧកញ៉ា»។
ប្រភពព័ត៌មានច្បាស់ការណ៍ ការប្រព្រឹត្តទាំងទំនើងចិត្តពីសំណាក់មេភូមិរកាកុះ នេះ គឺមានការរួមគំនិតជាមួយបក្ខពួក ទាំង១៨នាក់ ដែលក្រុមទាំង១៨នាក់នោះគឺជាក្រុមគណៈកម្មការភូមិ ដែលបង្កើតឡើងដោយមេភូមិ និងមានមេភូមិជាប្រធានគណៈកម្មការ។
ករណីខាងលើនេះ លោក ចៅសង្កាត់ព្រៃស សួង សំអុល បានបកស្រាយប្រាប់សារព័ត៌មានយើងដោយធ្វើការបដិសេធថា លោកជាចៅសង្កាត់មិនបានដឹងរឿងលក់ដីនេះនោះទេ! ខណៈពេលដែលលោក ប្រាក់សុគន្ធ សំណាង ប្រធានសុរិយោដីនិងភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញក៏មិនបានដឹងពីព្រោះដីនេះជាប្រភេទដីគ្មានប្លង់។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ពុំមានការការបកស្រាយបំភ្លឺព័ត៌មានណាមួយជាមួយអ្នកសារព័ត៌មានយើងនោះទេ ទោះបីជាមានលេខទូរស័ព្ទហៅចូលក៏ស្រីមិនទទួលទូរស័ព្ទនោះដែរ។
ភាពអាថ៌កំបាំងដែលជាសញ្ញានៃការប្រព្រឹត្តអំពើពុករលួយទាំងនេះ ត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែបែរជាលោកស្រី គឹម ញឹប អភិបាលខណ្ឌ រូបនេះហាក់កំពុងតែចូលរួមរក្សាភាពស្ងៀមស្ងាត់ទៅវិញ ខណៈសាធារណៈមតិទាមទារឱ្យលោកស្រី ចេញសេចក្តីថ្លែងការណ៍ប្រកាសបំភ្លឺព័ត៌មានជាសាធារណៈ។
ប្រភពព័ត៌មានដែលច្បាស់ការណ៍បន្ថែមទៀតនោះ ដីស្រះទឹកត្រង់ចំណុចខាងលើនេះ ត្រូវបានក្រុមវាស់វែងដ៏អាថ៌កំបាំងមួយក្រុម បានធ្វើសកម្មភាពកិច្ចការងារចុះវាស់វែង បាញ់ប្លង់ GPS បោះបង្គោលកំណត់ព្រំដីដើម្បីរៀបចំកសាងឯកសារបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ គោលដៅចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង)។
យ៉ាងណាការចុះវាស់វែង បាញ់GPS ដោយក្រុមអាថ៌កំបាំងទាំងនោះ លោក ប្រាក់សុគន្ធ សំណាង ប្រធានសុរិយោដីនិងភូមិបាលខណ្ឌដង្កោ បានប្រាប់សារព័ត៌មាន ដោយបដិសេធថាមិនមែនជាក្រុមមន្រ្តីជំនាញរបស់ខ្លួននោះទេ។
សាធារណៈមតិបានលើកឡើងថា ការយកដីសាធារណៈយកលក់ឲ្យឈ្មួញទាំងអាថ៌កំបាំងនិងទាំងទំនើងចិត្ត ពីសំណាក់ លោកទូច តាំងស្រួ មេភូមិរកាកុះ រួមទាំងបក្ខពួកទាំងអស់នេះ គឺជាសញ្ញាបង្ហាញពីការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដោយតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់៕









No comments