មន្ត្រីពេទ្យសត្វលោក តាន់ វុទ្ធី ត្រូវបានអាជីវករទម្លាយថា បានទទួលសំណូក ជាថ្នូរឲ្យពិឃាតសត្វ នៅក្នុងផ្ទះតាមភូមិ ដោយមិនគិតពីជំងឺរាតត្បាត

ខេត្តកំពង់ចាម៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា៖
«លោក តាន់ វុទ្ធី មន្ត្រីបសុព្យាបាល (ពេទ្យសត្វ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម
និងជាភ្នាក់ងារប្រមូលចំណូលប្រចាំស្រុកស្រីសន្ធរ បានឃុបឃិត
ជាមួយឈ្មួញខិលខូច ឈ្មោះ ទូលាស់ យូ ស្ថិតនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ពិឃាតសត្វគោយកសាច់
ទៅលក់ចែកចាយតាមទីផ្សារជាសាធារណៈនៅទូទាំងស្រុកស្រីសន្ធរ ជាថ្នូរក្នុងការបង់លុយប្រចាំខែ ១លាន៥០ មុឺនរៀល ដោយមិនគិតពីជំងឺរាតត្បាត»។
ករណីឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដោយមិនគិតពីសុខភាពសាធារណៈ ថែមទាំងកិបគេងចំណូលពន្ធរដ្ឋ ពីសំណាក់ លោក តាន់ វុទ្ធី មន្ត្រីពេទ្យសត្វ រូបនេះ គឺកំពុងបង្ហាញថា តាន់ វុទ្ធី បានដើរផ្ទុយពីផ្លូវច្បាប់ទាំងស្រុង
និងជាសញ្ញា បង្ហាញយ៉ាងច្បាស់អំពី ទង្វើពុករលួយ ដោយតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់។
ប្រភពព័ត៌មានពីអាជីវករបានឲ្យដឹងទៀតថា៖
លោក តាន់ វុទ្ធី រូបនេះ ក្រៅពីការបើកដៃឲ្យឈ្មួញខិលខូច
ដែលជាបក្ខពួកខ្លួនពិឃាតសត្វ ក្នុងផ្ទះ គឺលោក តាន់ វុទ្ធី រូបនេះ
ក៏បានអំណត់យកលុយជាកំហិត ពីអាជីវករពិឃាតសត្វផ្សេងៗទៀត ដោយតម្រូវយកតម្លៃថ្លៃពន្ធអនាម័យសុខភាព ពិឃាតជ្រូក១ក្បាល ៣៥០០៛ និង១៥០០០៛ សម្រាប់ពិឃាតសត្វគោក្របី១ក្បាល
និងបានអំណត់យ៉ាងដាច់អហង្ការចំពោះអាជីវកររូបណា ដែលទទួលទិញសាច់គោយកទៅលក់បន្តតាមផ្សារ ឲ្យបង់លុយក្រោមតុ ចំនួន៥០០០៛ ក្នុងអាជីវករ ១នាក់
ជាថ្នូរទទួលបានចុងសន្លឹកបញ្ជាក់ «វិញ្ញាបនបត្រអនាម័យសត្វ សាច់ និងផលិតផលសត្វ» ដែលចេញដោយរដ្ឋបាលខេត្តកំពង់ចាម!!
ប៉ុន្តែយ៉ាងណាពាក់ព័ន្ធការអំណត់យកលុយតាមរបៀបពុករលួយ៣៥០០៛ និង១៥០០០៛ ទាំងនេះ
ត្រូវបានលោក តាន់ វុទ្ធី ធ្វើការបដិសេធថាខ្លួន មិនបានយកលុយខុសពីគោលការណ៍ច្បាប់នោះទេ!! នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៦ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម។
ទោះបីជាមានសេចក្តីបំភ្លឺព័ត៌មានទាំងតក់ក្រហល់ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
ក៏សេចក្តីបំភ្លឺមួយនេះមិនអាចធ្វើឱ្យសាធារណជន និងបងប្អូនអាជីវករស្លូតត្រង់ស្ងប់ចិត្តបាននោះទេ
ដោយអំពាវនាវទទូចស្នើសុំឱ្យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្នើសុំ យ៉ាងទទូចឱ្យ
ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ACU បង្កើតគណៈកម្មាការបើកការស៊ើបអង្កេត លើករណីខាងលើ។
ជាការឆ្លើយតបបំភ្លឺព័ត៌មាន របស់មន្ទីរ កសិកម្មខេត្តកំពង់ចាម អំពីការចុះផ្សាយព័ត៌មាន របស់អង្គភាពសារព័ត៌មាន «កងមាស» គឺមិនទាន់លម្អិតបញ្ជាក់នោះទេ
ពាក់ព័ន្ធករណីឃុបឃិត បើកដៃឲ្យឈ្មួញពិឃាតសត្វក្នុងផ្ទះតាមភូមិ ពីសំណាក់ តាន់ វុទ្ធី ជាថ្នូរបង់លុយប្រចាំខែ ដោយមិនគិតពីជំងឺរាតត្បាតក្នុងមូលដ្ឋាន។
ប្រភពព័ត៌មានពីអាជីវករម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះបានឲ្យសារព័ត៌មានដឹងបន្ថែមដែរថា៖
បច្ចុប្បន្ននេះ សត្តឃាតដ្ឋានស្រុកស្រីសន្ធរ គឺធ្វើការពិឃាតសត្វគោ មួយថ្ងៃៗ ចំនួនមួយក្បាល ទៅពីរក្បាលតែប៉ុណ្ណោះ
ប៉ុន្តែសកម្មភាព ចែកចាយសាច់សត្វគោ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ គឺមានចំនួនច្រើនលើសលប់
ពោលគឺ៖ សត្វគោ១ក្បាល មានតែកន្ទុយ១ ក្បាល១ និងមានជើង៤
ប៉ុន្តែជាក់ស្តែងឃើញតាមផ្សារនៅទូទាំងស្រុកស្រីសន្ធរ ផ្សារណាក៏ឃើញសុទ្ធតែក្បាលគោ កន្ទុយគោ ជើងគោ ឃើញមានគ្រប់កន្លែងលក់ដូរតែម្តង!!
ដែលរូបភាពទាំងអស់នេះ បង្ហាញច្បាស់អំពីការ បើកដៃឲ្យពិឃាតសត្វគោលួចលាក់ជាច្រើន តាមលំនៅដ្ឋានតាមផ្ទះតាមភូមិ ពីសំណាក់មន្ត្រីបសុពេទ្យ តាន់ វុទ្ធី ស្របពេលដែល អាជីវករ ជាភរិយារបស់ឈ្មោះ ទូលាស់ យូ បានទម្លាយធ្លោយប្រាប់សារព័ត៌មានថា ខ្លួនបានបង់លុយជាកញ្ចប់ប្រចាំខែឲ្យ តាន់ វុទ្ធី ជាថ្នូរដោះដូរពិឃាតសត្វនៅផ្ទះពិតប្រាកដមែន៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ៚👇














No comments