ទីតាំងលេងល្បែង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងទៀត នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានបើកលេងវិញហើយ បន្ទាប់ពីបិទមួយរយៈខ្លី
ពោធិ៍សែនជ័យ ៖ ទីតាំងលេងល្បែង ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងៗ នៅក្នុងទីតាំងដែលមានផ្លាកយីហោ (អក្សរ ចិន) តែឥឡូវដូរផ្លាកយីហោថ្មី (មជ្ឈមណ្ឌលកំសាន្ត តាតាលី) នៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទមួយរយៈខ្លី ។
ប្រជាពលរដ្ឋជាច្រើនបានមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះវត្តមានជាលើកទីពីរ របស់ទីតាំងល្បែងស៊ីសងមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង ។
ហើយការបើកដំណើរការឡើងវិញនូវទីតាំងលេងល្បែងមួយកន្លែងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានដាក់ការសង្ស័យថា ប្រហែលជាលោក ហែម ដារិទ្ធ ដែលជាអភិបាលខណ្ឌ រួមទាំងលោក ម៉ន វុធី អធិការខណ្ឌ បើកភ្លើងខៀវហើយ ទើបទីតាំងមួយកន្លែងនេះ ហ៊ានបើកលេងវិញយ៉ាងរំភើយ ។
គួររំលឹកថា ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៧:៣០នាទីយប់ កន្លងទៅថ្មីៗនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងរដ្ឋបាលសាលាខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះ ដែលស្ថិតនៅចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបានវត្ថុតាងរួមមាន ៖ ទូរហ្គេមបាញ់ត្រី ធំចំនួន ៤គ្រឿង និងទូរតុក្កតាតូច ៤គ្រឿងផងដែរ ។
ប្រជាពលរដ្ឋគាត់បាន «ពោលថា» សព្វថ្ងៃនេះគាត់ដូចជាអស់សង្ឃឹមទៅលើលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ម៉ន វុធី អធិការខណ្ឌ ហើយ «ដោយមូលហេតុ» ល្បែងស៊ីសងបើកលេងដោយចំហបែបនេះហើយ គាត់បែរជាធ្វើព្រងើយ កន្តើយ ទៅវិញ។ ឬមួយក៏លោកអសមត្ថភាព..?
ប្រជាពលរដ្ឋមានតែលើកដៃសំពះអង្វរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមលោកជួយលុបមុខ សិទសក់ ដុសក្អែល អោយលោក ហែម ដារិទ្ធ និងលោក ម៉ន វុធី ផងទាន ។ ដើម្បីឲ្យពួកគាត់អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង ៩ ចំណុចដែលក្រសួងមហាផ្ទៃដាក់បទបញ្ជាឲ្យ៕ សូមអរគុណ..!







No comments