ជនអនាមិកប្រើចិត្តសាស្ត្ររបៀប Sextortion ដើម្បីជំរិតទារប្រាក់
ជនអនាមិកប្រើចិត្តសាស្ត្ររបៀប Sextortion ដើម្បីជំរិតទារប្រាក់
បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនដ៏ល្បីខាងផ្នែកបង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគ Bitdefender បានឱ្យដឹងថាពួកគេបានឃើញមានការកើនឡើងយ៉ាងខ្លាំងនូវការជំរិតទារប្រាក់តាមរបៀប Sextortion ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ជនអនាមិកបានប្រើយុទ្ធសាស្ត្រឆ្លៀតឱកាសនៅពេលដែលអ្នកប្រើប្រាស់មួយចំនួនងាកមកប្រើបណ្តាញទំនាក់ទំនងតាមប្រព័ន្ធអនឡាញដូចជា Zoom ដើម្បីធ្វើការងារ រៀនសូត្រ ឬប្រកបមុខរបរផ្សេងៗក្នុងអំឡុងពេលដែលពួកគេតម្រូវឱ្យនៅផ្ទះដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩។
ក្នុងការបោកបញ្ឆោតនេះ ក្រុមជនអនាមិកបានផ្ញើសារ ឬ អុីមែលទៅអ្នកប្រើប្រាស់ ដោយអះអាងថាពួកគេមានវីដេអូមិនសមរម្យ ឬវីដេអូអាសអាភាសរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេកំពុងប្រើកម្មវិធីទំនាក់ទំនងសង្គម។ នៅក្នុងសារនេះផងដែរ ជនអនាមិកបានធ្វើការទាមទារឱ្យអ្នកប្រើប្រាស់បង់លុយចំនួន ២០០០ដុល្លារក្នុងរយៈពេល៣ថ្ងៃ ជាថ្នូរនឹងការលុបចោលនូវវីដេអូទាំងនោះ បើមិនដូច្នោះទេ ពួកគេនឹងចែកចាយវីដេអូទាំងនោះទៅឱ្យមិត្តភក្តិ និងបងប្អូនរបស់អ្នកប្រើប្រាស់។
ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងផងដែរថាជនរងគ្រោះភាគច្រើននឹងធ្វើតាមការទាមទាររបស់ជនអនាមិក ទោះបីជាពួកគេពុំបានដឹងថាតើជនអនាមិកមានវីដេអូអាសអាភាសរបស់ពួកគេឬអត់ក៏ដោយ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលប្រើបណ្តាញទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ហើយទន្ទឹមនឹងនេះដែរប្រសិនបើលោកអ្នកទទួលបានសារ ឬអុីមែលដែលស្រដៀងគ្នានឹងក្នុងអត្ថបទខាងលើនេះ សូមលោកអ្នកកុំធ្វើតាមការទាមទាររបស់ជនអនាមិកដែលនាំឱ្យលោកអ្នកខាតបង់លុយកាក់តែប៉ុណ្ណោះ៕
ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

No comments