ACU ឃាត់ខ្លួនមន្រ្តីនគរបាលស្រុកបវេល ២នាក់ ពាក់ព័ន្ធដោះលែងជនជាតិថៃ ជាថ្នូរលុយរាប់ម៉ឺនដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ ACU បានធ្វើការឃាត់ខ្លួន មន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធដោះលែងជនជាតិថៃ ជាថ្នូរលុយរាប់ម៉ឺនដុល្លារអាមេរិក។
មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖ ១.ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) និង២. ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ៕


No comments