ទីតាំងល្បែងស៊ីសង ខុសច្បាប់ ជាច្រើន បើកដំណើរការក្នុងកណ្តាលក្រុងភ្នំពេញ ដោយគ្មានការរំខានដល់មន្ត្រីមូលដ្ឋាន

មន្ត្រីមូលដ្ឋានខណ្ឌដូនពេញ ហាក់ដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ខណៈល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង បានកំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេង ពេញក្រុងភ្នំពេញ ប៉ុន្តែបែរជាអាជ្ញាធរដូចជាធ្វើមើលមិនឃើញធ្វើមើលមិនដឹង។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ ទីតាំងផ្ទះលេខ១៥ កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ និងទីតាំងផ្ទះលេខ១៥ ផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការល្បែងស៊ីសងខុសច្បាប់ «ប្រភេទកាស៊ីណូអនឡាញ» ដោយមានអ្នកញៀនល្បែងគ្រប់ជាតិសាសន៍ ចេញចូលយ៉ាងសស្រាក់សស្រាំ ថែមទាំងធ្លាប់មានអំពើហិង្សាកើតឡើងក្នុងទីតាំងខាងលើនេះផងដែរ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា «ក្រៅពីមានការប្រព្រឹត្តអំពើហិង្សាក្នុងទីតាំង ផ្ទះខាងលើ នេះនៅមានក្រុមក្មេងទំនើងៗជាច្រើនហូរហែ ចេញចូលយ៉ាងសស្រាក់សស្រាំ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយទីតាំងទាំងពីរនេះ ក៏មានការយាមកាមដោយក្រុមជនស៊ីវិលទៀតផង»។
ប្រជាពលរដ្ឋសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួក ខណៈល្បែងស៊ីសងខុសច្បាប់ នៅបន្តមានវត្តមាន ស្របពេលមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនព្រមអើពើក្នុងការបង្ក្រាប ឬទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋសូមសំណូមពរទៅកាន់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕


No comments