អ្នកសារព័ត៌មានម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការឃាត់ខ្លួន ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន

ដោយមានដីការបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូច សុខអាន ពាក់ព័ន្ធករណីឆបោកលុយពីស្ត្រីក្រីក្រ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួននេះឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
មុនឈានដល់ការឃាត់ខ្លួនតុលាការខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹងពីស្ត្រីក្រីក្រម្នាក់រស់នៅឯទីជនបទ នាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្តឹងឈ្មោះ អ៊ូច សុខអាន និងឈ្មោះ ប៊ុន សុវណ្ណ ពីបទ «ឆបោក»។
ជនសង្ស័យទាំងពីរនាក់ ១ឈ្មោះ អ៊ូច សុខអាន មុខរបរអ្នកសារព័ត៌មាន និងឈ្មោះ ប៊ុន សុវណ្ណ មុខរបរជាអ្នកបើករថយន្តឲ្យអ្នកធំ ជនទាំងពីរនេះបានដើរតួនាទីជាអ្នកដោះស្រាយរឿងក្តី (រត់ការ) យកមនុស្សចេញពីគុក។
ជនសង្ស័យទាំងពីរនាក់នេះ បានលួងលោមឆបោកលុយពីស្ត្រីម្នាក់ អស់ជាង ១មុឺនដុល្លារ (11500$) ដោយសន្យាថាយកលុយទាំងនេះ ទៅរត់ការ ដើម្បីឲ្យកូនរបស់ខ្លួនបានចេញពីពន្ធនាគារ និងមានសេរីភាពឡើងវិញ។
ដោយសារតែក្តីស្រលាញ់ធំធេង នៃម្តាយឪពុក មានចំពោះកូនៗ ទើបស្ត្រីម្នាក់នោះ សម្រេចចិត្តលក់គោ លក់ម៉ូតូ ខ្ចីបុលអ្នកជិតខាង ដើម្បីបានលុយយកទៅដោះស្រាយរឿងកូនដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារ។
ប៉ុន្តែជាអកុសល ត្រូវបានជនឆ្លៀតឱកាសចំនួនពីរនាក់ អ៊ូច សុខអាន និង ប៊ុត សុវណ្ណ ដែលជនទាំងពីរនេះអួតអាងថាខ្លួនស្គាល់អ្នកធំបានសហការរួមគំនិតគ្នា ដើរតួជាអ្នករត់ការដោះស្រាយរឿងក្តីយកមនុស្សចេញពីគុក រួចក៏ឆបោកលុយពីស្ត្រីក្រីក្រនោះ អស់សរុបជាង ១មុឺនដុល្លារ ដោយជនឆបោកទាំងពីរនាក់នោះ ប្រើលេសសន្យាថានឹងយកលុយទាំងនេះ ទៅដោះស្រាយឲ្យកូនបានចេញពីគុកវិញ។
យ៉ាងណាទេវតាមានភ្នែក ជនឆបោកទាំងពីរនាក់នោះមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេដោយតុលាការខេត្តកំពង់ស្ពឺ សម្រេចចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចធ្វើការនាំខ្លួន ជនសង្ស័យទាំងនោះ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អ៊ូច សុខអាន ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុត សុវណ្ណ កំពុងតែរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ និងកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលបានកំពុងតែរត់គេចខ្លួន៕





No comments