កូនជាប់គុកហើយ ត្រូវជនឈ្លៀតឱកាស ឆបោកលុយ អស់ជាង ១មុឺនដុល្លារ ថាយករត់ការដោះលែងកូនឲ្យចេញពីគុក

ខេត្តកំពង់ស្ពឺ៖ ជនឆ្លៀតឱកាសចំនួនពីរនាក់ បានរួមគំនិតគ្នារៀបចំផែនការ ឆបោកលុយជាង ១មុឺនដុល្លារ (11500$) ពីស្ត្រីក្រីក្រម្នាក់ ដែលរស់នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ដោយសារតែក្តីស្រលាញ់ពុកម្តាយមានចំពោះកូន នៅពេលដែលឃើញកូនប្រុសរបស់ខ្លួនជាប់ពន្ធនាគារទាំងអយុត្តិធម៌ ទើបម្តាយព្យាយាមស្វះស្វែងលក់គោ លក់ម៉ូតូ ខ្ចីលុយខ្ចីបុលអ្នកជិតខាង ដើម្បីយកលុយដោះស្រាយឲ្យកូនបានចេញពីគុកវិញ។
ប៉ុន្តែជាអកុសលត្រូវបានជនឆ្លៀតឱកាសចំនួនពីរនាក់ ១ឈ្មោះ អ៊ូច សុខអាន និងទី២ឈ្មោះ ប៊ុត សុវណ្ណ ដែលជនទាំងពីរនេះអួតអាងថាខ្លួនស្គាល់អ្នកធំបានសហការរួមគំនិតគ្នា ដើរតួជាអ្នករត់ការដោះស្រាយរឿងក្តីយកមនុស្សចេញពីគុក រួចក៏ឆបោកលុយពីស្ត្រីក្រីក្រនោះ អស់សរុបជាង ១មុឺនដុល្លារ ដោយជនឆបោកទាំងពីរនាក់នោះ ប្រើលេសសន្យាថានឹងយកលុយទាំងនេះ ទៅដោះស្រាយឲ្យកូនបានចេញពីគុកវិញ។
ស្ត្រីជាម្តាយម្នាក់នោះក៏បានបញ្ជាក់ប្រាប់សារព័ត៌មានទាំងឈឺចាប់ថា៖ «ដើមដំបូងកូនប្រុសរបស់គាត់ ត្រូវបានតុលាការចេញលិខិតកោះហៅ ដោយចោទថាពាក់ព័ន្ធទៅនិងករណីហិង្សាបណ្តាលឲ្យស្លាប់ដល់ជនរងគ្រោះ ខណៈដែលកូនរបស់គាត់មិនមានការពាក់ព័ន្ធនោះទេ»។
ស្ត្រីម្នាក់ជាម្តាយបានបន្តបញ្ជាក់ថាទៀតថា៖ «កូនប្រុសរបស់គាត់ជាប់គុកទាំងអយុត្តិធម៌ គឺកូនរបស់គាត់ពុំបានដឹងរឿងអំពើហិង្សា ពុំបានប្រព្រឹត្តអំពើហិង្សាវាយអ្នកណាឲ្យស្លាប់នោះទេ» «ក្នុងថ្ងៃពេលវេលាដែលមានហេតុការណ៍ហិង្សានោះកើតឡើង គឺកូនប្រុសរបស់គាត់ នៅផ្ទះជាមួយគាត់និយាយទូរស័ព្ទជាមួយគ្រួសារធម្មតា ក្នុងពេលនោះក៏មានទាំងសាក្សីដឹងឮក្នុងស្រុកភូមិថែមទៀតផងដែរ»។
ទោះបីជាប្រឹងបកស្រាយយ៉ាងណា ក៏ពន្លឺយុត្តិធម៌កាន់តែងងឹតទៅៗ ទើបធ្វើឲ្យកូនប្រុសរបស់គាត់ជាប់គុកអស់រយះពេលជាច្រើនខែទាំងអយុត្តិធម៌ ស្របពេលគ្នានោះដែរ ក៏មានជនថោបទាបចំនួនពីរនាក់ ១ឈ្មោះ អ៊ូច សុខអាន និងទី២ឈ្មោះ ប៊ុត សុវណ្ណ បានរួមគំនិតគ្នារៀបចំផែនការ ដើរតួនាទីជាអ្នកដោះស្រាយរឿងក្តី មកឆបោកលុយអស់ជាង ១មុឺនដុល្លារអាមេរិក (នេះហៅថាទុក្ខជាន់ទុក្ខ)។
ស្ត្រីជាម្តាយសូមសំណូមពរទៅកាន់ស្ថាប័នតុលាការ សូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ឲ្យមានសេរីភាពឡើងវិញ និងស្នើសុំឱ្យស្ថាប័នតុលាការខេត្តកំពង់ស្ពឺ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យតឹងរឹងបំផុតលើជនឆបោកទាំងពីរនាក់ខាងលើនេះផង និងស្នើសុំឱ្យស្ថាប័នយុត្តិធម៌បង្គាប់ឲ្យជនឆបោកទាំងពីរនាក់នេះប្រគល់លុយត្រឡប់មកឲ្យគាត់វិញផង៕




No comments