ល្បែងស៊ីសងអនឡាញខុសច្បាប់ Online gambling នៅសង្កាត់ផ្សារចាស់ កំពុងបើកដំណើរការ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរក្នុងមូលដ្ឋាន

ខណ្ឌដូនពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ Online នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន។
ប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា «ចំណុចផ្លូវលេខ១៥ កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីតាំងល្បែងស៊ីសងខុសច្បាប់ «ប្រភេទកាស៊ីណូអនឡាញ ខុសច្បាប់» ដ៏ធំកំពុងតែបន្តបើកដំណើរការបានដោយរលូន ថែមទាំងមានអ្នកញៀនល្បែងគ្រប់ជនជាតិ ចេញចូលយ៉ាងសស្រាក់សស្រាំ ដោយមានការភ្នាល់លុយរាប់ពាន់ដុល្លារអាមេរិក។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជាច្រើន កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ខណៈដែលទីតាំងខាងលើ នៅតែបន្តមានជនញៀនល្បែងចេញចូលយ៉ាងសស្រាក់សស្រាំ និងបង្កការភ័យខ្លាចជារៀងរាល់ថ្ងៃ ដូចចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះទាល់តម្រិះបើមិនលួចក៏ប្លន់។
ប្រជាពលរដ្ឋជាច្រើន សូមសំណូមពរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕



No comments