ទីតាំងផលិតបារីជនជាតិចិនមួយកន្លែងទៀតនៅក្រុងសួង ចាប់ផ្ដើមដំណើរការគ្រាដែលអាជ្ញាធរមិនដឹង

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្រុងសួង បានឲ្យដឹងថាទីតាំងផលិតបារីថ្មីមួយទៀតដែលមានថៅកែជាជនជាតិចិនកំពុងដំណើរ ការនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ នោះគឺជាទីតាំងផលិតបារីដែលជួលឃ្លាំងបន្តពីឧកញ៉ាស្រូយ ម៉ៅ។ រីឯអាជ្ញាធរក្រុងសួង ដូចជាភ្ញាក់ផ្អើលចំពោះព័ត៌មានខាងលើនេះ ហើយនិងបញ្ជូនមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល នេះបើយោងតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នា២០២៥នេះ។
ឧកញ៉ាស្រូយ ម៉ៅ បានឆ្លើយតាមទូរសព្ទថា លោកមិន ដឹងទេ ! មានតែសួរទៅ"អ្នកជួល"ទើបដឹងថា តើឃ្លាំងរបស់លោកគេជួលទៅធ្វើអ្វី? ស្របពេលជាមួយគ្នានេះដែរ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាល ក្រុងសួងបញ្ជាក់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល។
តាមប្រភពបានឲ្យដឹងថា ទីតាំងនេះទើបតែដំណើរការក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះទេ។ នៅទីនេះគេផលិតបារីម៉ាកសញ្ញាជាបារីចិនសម្រាប់នាំចេញ។ គេខ្សិបថា ទី តាំងនេះទើបតែរើមកពីទីកន្លែងផ្សេង ហើយបារីដែលផលិតរួច ត្រូវនាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែន ខេត្តត្បូងឃ្មុំឆ្លងដែនទៅប្រទេសវៀតណាម។ គេមិនដឹងថា តើទីតាំងផលិតបារីដ៏ធំ១កន្លែងនេះ មានច្បាប់ទម្លាប់ ចេញដោយស្ថាប័នណានោះទេ,នៅគ្រាដែលអាជ្ញាធរក្រុងសួង និងខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរជំនាញបានត្រឹម តែឆ្លើយថា មិនដឹង។ បើតាមមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំ
ខ្សិបថា វាគ្រាន់តែជាការសម្របសម្រួលយល់មុខ រវាងពួកឈ្មួញថៅកែជនជាតិចិន និងថ្នាក់ខេត្តតែប៉ុណ្ណោះ។ ចំពោះច្បាប់ទម្លាប់គ្មានអ្នកណាដឹងថា តើថៅកែទីតាំងខាងលើនេះបានសុំច្បាប់ដល់ថ្នាក់ណានោះទេ?
ប្រភពបានឲ្យដឹងថា ទីតាំងផលិតបារីនេះមានកម្មករជាជនជាតិខ្មែរតិចតួចប៉ុណ្ណោះ។ រីឯច្បាប់ទម្លាប់ក៏ឋិតក្នុងភាពមិនច្បាស់លាស់នោះដែរ។ ប្រភពថា នៅពេលសួរ រកច្បាប់ទម្លាប់មេការនៅទីនេះ តែងតែនិយាយថាមាន ច្បាប់ត្រឹមត្រូវ ។ ប៉ុន្តែថាច្បាប់នោះ ចេញដោយស្ថាប័នណា?កម្រិតថ្នាក់ណា? គឺមិនអាចដឹងនោះទេ។ អ្នកភូមិ, ប្រជាពលរដ្ឋនៅក្បែរខាងតំបន់នោះ ភ្ញាក់ផ្អើលចំពោះទីតាំងថ្មីនេះប៉ុន្តែមិនទាន់ដឹងថា តើវានឹងបង្កហានិភ័យអ្វីខ្លះនៅឡើយទេ។
នៅខេត្តត្បូងឃ្មុំ ក្រៅពីទីតាំងផលិតបារីដ៏ធំ១កន្លែងខាងលើនេះក៏មានកន្លែងផ្សេងទៀតដូចជា នៅទន្លេបិទ, នៅស្រុកពញាក្រែក..ក៏មានរោងចក្រផលិតបារីបែប នេះដែរ។ ចំណោទបានសួរថាតើទីតាំងផលិតបារីនេះមាន បានផ្ដល់ចំណូលជាពន្ធដាជូនជាតិ ដែរឬទេ? បើតាមប្រភពជាច្រើនអះអាងថា វាគ្រាន់តែជាការឃុបឃិតគ្នាលួចលាក់រវាងអាជ្ញាធរជាមួយនឹងថៅកែជាជនជាតិចិនក្រោមលេសនៃការវិនិយោគតិចតួចនិងដើម្បីមានការងារធ្វើជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
មិនអាចសុំការបំភ្លឺពីរដ្ឋបាលខេត្តត្បូងឃ្មុំក៏ដូចជាប្រធានមន្ទីរសិប្បកម្មបានទេ។ គេហទំព័រយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ៕











No comments